
ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៥៨ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំរបស់គណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារ កិច្ចរៀងៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផល ខ្ពស់តាមការគ្រោងទុក ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដោយមានការ ចូលរួមពីសមាជិក សមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ក្រសួងផងដែរ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។
នៅក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យគណៈកម្មការទទួលបន្ទុក សហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីពន្លឿនការងាររបស់ខ្លួនដែល នៅ សេសសល់ ឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែត (ផ្លូវជាតិលេខ៥) ទៅដល់ផ្អុង (ផ្លូវជាតិលេខ៦៨) មានប្រវែងសរុប ១៧៤,១៦គីឡូម៉ែត្រ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ ស្រស់