
បើយោងតាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា Real Madrid គ្រោងនឹងធ្វើឱ្យយុវជន Martin Odegaard ក្លាយជាអ្នកស្នងតំណែងរបស់ Luka Modric ប្រសិនបើតារាឆ្នើមសញ្ជាតិក្រូអាតជ្រើសរើសការចាកចេញនារដូវក្ដៅខាងមុខ ។
ម្ចាស់ពានរង្វាន់ Ballon D’or ប្រចាំឆ្នាំ២០១៨ កំពូលខ្សែបម្រើឆ្នើម Luka Modric មានកិច្ចសន្យាជាមួយក្រុមស្ដេចស Real Madrid រហូតដល់ខែមិថុនាឆ្នាំ ២០២១ ឯណោះ ប៉ុន្តែអនាគតរបស់តារាជើងចាស់រូបនេះកំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ក្រោយមានខ្សែបម្រើវ័យក្មេងជាច្រើនកំពុងលេចធ្លោក្រោមការដឹកនាំរបស់លោក Zinedine Zidane ។ ហើយមានពាក្យចរចាមអារាមជាច្រើនបាននិយាយថា Modric អាចនឹងដើរចេញពី Real Madrid ទៅចូលរួមជាមួយក្លឹបមួយនៅលីគកំពូលសហរដ្ឋអាមេរិក ។
ទន្ទឹមនឹងនេះកីឡាករវ័យក្មេងកំពុងបញ្ចេញទេព្យកោសល្យដ៏អស្ចារ្យ Odegaard ដែលត្រូវបានខ្ចីជើងលេងនៅក្លឹប Real Sociedad អាចនឹងវិលត្រឡប់មកកាន់ក្លឹប Real Madrid វិញនៅរដូវក្តៅខាងមុខនេះ ហើយត្រូវបានគេមើលឃើញថា ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះជាអ្នកស្នងតំណែងដ៏ល្អបំផុតរបស់ Modric ដើម្បីក្លាយជាអ្នកនាំលេងសម្រាប់ក្លិបយក្សអេស្ប៉ាញនាពេលអនាគត ៕
ដោយ៖ តារា