ស្ត្រីដែលឱបសម្តេចតេជោ ពុំមែនជាស្ត្រីដែលសង្ស័យថា មានផ្ទុកមេរោគ Covid-19 នោះទេ

17842

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្ត្រីដែលឱបសម្តេចតេជោ ក្រោយចុះពីនាវាទេសចរណ៍ Westerdam នោះ ពុំមែនជាស្ត្រីដែលសង្ស័យថាមានផ្ទុកវីរុស Covid-19 នោះទេ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលប្រពឹត្ដទៅនៅថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ត្រីដែលក្រសួងសុខាភិបាលម៉ាឡេស៊ី រកឃើញមានផ្ទុកវីរុស Covid-19 នោះ ពុំមែនជាស្ត្រីដែលឱបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលសម្តេចតេជោអញ្ជើញទៅទទួលស្វាគមន៍ សម្រាប់ថ្ងៃដំបូងនៃការអនុញ្ញាតឲ្យអ្នកដំណើរចុះនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីបន្តដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្រាប់ទិសដៅធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះឡើយ ។
ឯកឧត្តម បន្តថា ស្រ្តីអាមេរិកដែលក្រសួងសុខាម៉ាឡេស៊ីរកឃើញមានផ្ទុកវីរុស Covid-19 ក្រោយពីចាកចេញពីកម្ពុជាហើយបន្តដំណើរទៅដល់ប្រទេសម៉ាឡេស៊ីនោះ ពុំបានចុះពីនាវានៅកំពង់ផែខេត្តព្រះសីហនុនាពេលព្រឹកនោះទេ ដោយស្ត្រីរូបនោះ ត្រូវបានអនុញ្ញាតឲ្យចុះនៅពេលរសៀល ក្នុងចំណោមទេសចរផ្សេងទៀត។ ឯកឧត្តម អះអាងថា រាល់ទេសចរដែលមាននៅក្នុងនាវា រួមទាំងនាវិកផង ត្រូវបានត្រួតពិនិត្យ និងធ្វើរោគវិនិច្ឆ័យរកវីរុស Covid-19 ទាំងអស់ ដោយលទ្ធផលពុំត្រូវបានរកឃើញមនុស្សណាម្នាក់មានផ្ទុក ឬឆ្លងជំងឺដ៏កាចសាហាវនោះឡើយ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី