
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ការសាងសង់រថភ្លើងលើអាកាសជាជម្រើសល្អមួយនាពេលអនាគត ព្រោះវាជួយសម្រួលការដឹកជញ្ជូននិងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ហើយរថភ្លើងលើអាកាសនេះ ជាជម្រើសថ្មីសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ។
ឯកឧត្តម បានបន្តថា ក្រសួងបានសហការជាមួយអង្គការ JICA ក្នុងការសិក្សាអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស នៅក្នុងរាជធានីភ្នំពេញនេះ គឺត្រូវបានបញ្ចប់ជាស្តាពរ ប៉ុន្តែគំរោងនេះ ជាគំរោងត្រូវវិនិយោគថវិកាច្រើន ហេតុនេះយើង មិនទាន់ដឹងថា រដ្ឋាភិបាលនឹងវិនិយោគ ឬប្រគល់ជូនក្រុមហ៊ុនឯកជនក្នុងការវិនិយោគ តាមលក្ខណៈបង់ប្រាក់ (BOT) ឬយ៉ាងណានោះទេ ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ ” ឥលូវនេះដើម្បីបញ្ជៀសការកកស្ទះ និងកាត់បន្ធយការកកស្ទះនៅរាជធានីភ្នំពេញ យើងបាន សហការជាមួយអង្គការ JICA សិក្សាពីរថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ក៏ប៉ុន្តែយើងកំពុងប្រៀបធៀបទៅ នឹង មូណូរៀល រថភ្លើងលើអាកាសដែលតែផ្លូវវាតែមួយទេ នឹងរថភ្លើងក្រោមដីក្រោយពីសិក្សាចប់ទាំង ៣ប្រពន្ធ័នេះ យើងពិនិត្យទាំងអស់គ្នារួមគ្នាថា តើប្រព័ន្ធមួយណាដែលឆ្លើយតបត្រឹមត្រូវជាងគេ នូវតម្រួវការរបស់រាជធានីភ្នំពេញ ។ ហើយតើយើងរកថវិកាពីណាមក ដើម្បីកសាងប្រព័ន្ធនេះ មិនតិចជាងពី ១ពាន់ ទៅ ១ពាន់៤រយលានដុល្លារអាមេរិចនោះទេ តើរកថវិកាពីណាឬយកឲ្យវិស័យឯកជនគេដាក់ថវិកាគេដើម្បីមកកសាងជាប្រព័ន្ធ BOT អានឹងយើងកំពុងសិក្សាបន្ថែមទៀត ” ។
រូបតំណាង
សូមបញ្ជាក់ថា រថភ្លើងលើអាកាសនឹងចូលរួមចំណែកលើកកំពស់សោភ័ណភាព និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ហើយការសិក្សាលើគម្រោងនេះ ទាមទារឲ្យមានភាពច្បាស់លាស់ ដើម្បីទទួលបានសោភ័ណភាពផង និងមិនប៉ះពាល់បរិស្ថានផង ៕
ដោយ៖ សំណាង