ក្នុងឆ្នាំ២០១៩នេះ ឡានក្រុងសាធារណៈ បានដឹកជញ្ជូនអ្នកដំណើរជាង ៨ លាននាក់

85443
  • មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ រដ្ឋាករស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរបានចំនួនជាង ៨លាននាក់ ខណៈកាណូតដឹកអ្នកដំណើរដោយមិនយកប្រាក់មានអ្នកជិះ ចំនួនជិត២ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ។

    ក្នុងរបាយការណ៍បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការជា​លើកដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ចំនួន០៣ខ្សែ រថយន្តចំនួន​ ៤៣គ្រឿង។ នៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន០៥ខ្សែ មានរថយន្តចំនួន១៥៥គ្រឿង និង​ឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន០៥ខ្សែទៀត សរុបចំនួន១៣ខ្សែ ដោយបានប្រើប្រាស់រថយន្ត​រហូតដល់ចំនួន២៣៥គ្រឿង ក្រោមការជួយឧបត្ថម្ភ គាំទ្រ និងផ្តល់ជំនួយរថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន។ ក្នុងរបាយការណ៍បន្ដថា ក្នុងឆ្នាំ២០១៩កន្លងមក អ្នកជិះ​រថយន្តក្រុងមានចំនួន ៨.២៦៥.១០៧នាក់ ក្នុងនោះ អ្នកជិះបង់ប្រាក់ចំនួន ២.៧៩០.៤៣៣នាក់ និងអ្នកជិះឥតបង់ប្រាក់ចំនួន ៥.៤៧៤.៦៧៤នាក់ ។ ចំណែកកាណូត​ដឹកអ្នកដំណើរវិញ មាន​អ្នក​ជិះចំនួន១៧.៧៥៦នាក់។ បានដឹកជញ្ជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃក្នុងភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរចំនួនសរុប៣៨.៧៥៩នាក់។ ជាមួយគ្នានេះ បានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយ​ពុំគិត​ថ្លៃ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅមកតាម បណ្តាខេត្ត នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនសរុប ២៣.៦៣៥ នាក់។ ក្រៅពីនេះ ក៏បានដឹកជញ្ជូន​មន្ត្រីរាជការតាជី យាយជី និងសិស្សានុសិស្សចូលរួមកម្មវិធីសំខាន់ៗសរុបចំនួន ៦.៨៤០នាក់ ។

    បើតាមការលើកឡើងរបស់លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈរថយន្តក្រុងបានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈ ក្នុងរាជធានីភ្នំពេញ បានពង្រីកសេវាដឹកជញ្ជូនកើនដល់ចំនួន១៣ខ្សែ ដោយប្រើប្រាស់រថយន្ត ក្រុងសរុបចំនួន២៣៥គ្រឿង មានបុគ្គលិកសរុបចំនួន៧០៥នាក់ ក្នុងរថយន្តមួយគ្រឿងត្រូវ ប្រើប្រាស់បុគ្គលិកបើកបរចំនួន២នាក់ ចែកជាពីរវេនក្នុង១ថ្ងៃ។ លោកបានបន្ដថា ការដាក់​ពង្រាយ​រថយន្ដនេះ គឺនៅតាមបណ្តាផ្លូវសំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជា​ពល​រដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយបំពុលបរិស្ថានរាជធានីភ្នំពេញជាដើម ។
    លោកបានបន្ថែមថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានរៀបចំប្រព័ន្ធ​គ្រប់គ្រងរបស់រថយន្តក្រុងនិងប្រព័ន្ធតាមដានទីតាំង រថយន្តក្រុង ដើម្បីងាយស្រួល​ឱ្យប្រជា​ពលរដ្ឋរង់ចាំ និងពេលវេលា នៃការមកដល់របស់រថយន្តក្រុង បានជួយសម្រួលដល់អ្នក ជិៈរថយន្តក្រុងនៅរាជធានីភ្នំពេញ និងប្អូនសិស្សានុសិស្ស ជិះរថយន្តក្រុងមកសិក្សា​ដោយ​ខ្លួនឯង។ ទន្ទឹមនេះ បានរៀបចំបំពាក់ម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ដោយមាន​ការ​ប្រើប្រាស់កាត អ៊ិនអែតស៊ី របស់ធនាគារ ឯកទេស វីង និងឃ្យូអរកូត របស់ធនាគារ អេស៊ីលីដាទាន់ចិត្ត នៅលើរថយន្តក្រុងនិងមានអ៊ីនធឺណែត​ (Wi-Fi) នៅលើរថយន្តក្រុងផងដែរ ដើម្បីងាយស្រួលក្នុងការទូទាត់ ។
    លោកបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យ​ដំណើរការសេវារថយន្តក្រុងសាធារណៈ បានចំនួន១៣ខ្សែ ដោយគិតជាមធ្យមក្នុងមួយ​ថ្ងៃ​មាន​ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវារថយន្តក្រុង ចន្លោះពីជាង២៨,០០០នាក់ ទៅ ៣០,០០០នាក់ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី