
Casemiro បានបង្ហើបថា គាត់ចង់ឱ្យ Neymar ផ្ទេរមកកាន់ក្លឹប Real Madrid ជាមួយខ្លួន ដោយកីឡាករអន្តរជាតិប្រេស៊ីលទាក់ទងស្ទើរតែជារៀងរាល់ថ្ងៃជាមួយមិត្តរួមជាតិរបស់គាត់រូបនេះ ។
ការវិលត្រឡប់មកកាន់ក្របខណ្ឌ La Liga ជាលើកទីពីរបានត្រៀមរួចជាស្រេចសម្រាប់ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Paris Saint-Germain ។ ចាប់តាំងពីការផ្លាស់បំបែកកំណត់ត្រាទៅប្រទេសបារាំងកាលពីឆ្នាំ២០១៧មក កីឡាករដើមកំណើតអាមេរិកខាងត្បូងវ័យ ២៨ឆ្នាំរូបនេះកំពុងសម្លឹងវិលត្រឡប់ទៅកាន់ប្រទេសជាថ្មី ខណះក្លឹបយក្សពីរតែងតែត្រូវផ្សាយភ្ជាប់ជាមួយ គឺ Real Madrid និងអតីតក្លឹប Barcelona ។
Barcelona បានធ្វើការយ៉ាងច្រើន ដើម្បីនាំយក Neymar ត្រឡប់ទៅកាន់ទឹកដី Camp Nou វិញនៅរដូវក្តៅឆ្នាំ ២០១៩ ប៉ុន្តែការផ្ទេរបានទទួលរងបរាជ័យក្រោយ PSG បដិសេចមិនលក់ឱ្យ ចំណែកឯកីឡាករដ៏មានឥទ្ធិពលនៅក្នុងក្លឹប Lionel Messi ក៏តែងតែបង្ហាញបំណងចង់ឱ្យអតីតរួមក្រុមរូបនេះត្រឡប់មកវិញផងដែរ ។ ទោះយ៉ាងណាក្រុមស្ដេចស Real Madrid ក៏មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករវ័យ ២៨ ឆ្នាំផងដែរ ហើយ Casemiro មានការខកចិត្តដែលមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើង ។
ខ្សែបម្រើឆ្នើមវ័យ ២៧ឆ្នាំ Casemiro បានប្រាប់វិទ្យុអនឡាញ Onda Cero ទាក់ទងនឹងមិត្តរួមជាតិរបស់ខ្លួនរូបនេះថា៖ “ ខ្ញុំចង់ឱ្យ Neymar មក Real Madrid ខ្ញុំនិយាយជាមួយគាត់ស្ទើរតែរាល់ថ្ងៃ គាត់គឺជាកីឡាករឆ្នើមម្នាក់ ” ៕
ដោយ៖ តារា