កូរ៉េ ជួយកម្ពុជាបណ្តុះបណ្តាលធនធានមនុស្ស និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ

111054
  • កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ។

    ជំនួបនេះផ្តោតលើគម្រោងការងារអភិរក្សនិងជួសជុលរបស់ប្រទេសកូរ៉េនៅរមណីយដ្ឋានអង្គរ ។ ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េបានជួយជ្រោមជ្រែងអាជ្ញាធរជាតិអប្សរានៅអង្គរតាំងពីឆ្នាំ២០១៥មក តាមរយៈគម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរនៃរមណីយដ្ឋានអង្គរក្នុងដំណាក់កាលទី១ ។ បច្ចុប្បន្នកំពុងដំណើរការដំណាក់កាលទី២ លើគម្រោងអភិករក្សនិងជួសជុលប្រាសាទជមនៃក្រុមប្រាសាទព្រះពិធូរ និងព្រះលានជល់ដំរីក្នុងអង្គរធំ ចាប់ពីឆ្នាំ២០១៩ដល់២០២៣ ។
    គម្រោងការងាររបស់កូរ៉េមិនត្រឹមតែការងារអភិរក្សនិងជួសជុលទេ គឺមានកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនិងបង្កើតមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិលើការងារអភិរក្សនិងស្រាវជ្រាវវិទ្យាសាស្រ្តផងដែរ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានវាយតម្លៃខ្ពស់លើគម្រោងជំនួយលើការបណ្តុះបណ្ពាលធនធានមនុស្សនិងមន្ទីរពិសោធន៍នេះ។
    ឯកឧត្តមក៏បានស្នើភាគីកូរ៉េឱ្យជួយបណ្តុះបណ្តាលអ្នកជំនាញជាតិលើការរៀបចំកសាងឃ្លាំងរក្សាបុរាណវត្ថុមួយតាមរបៀបនៅប្រទេសកូរ៉េ ដែលអាចការពារអគ្គិភ័យ ទឹកជំនន់ និងគ្រោះធម្មជាតិដទៃទៀត។ សំណើនេះត្រូវបានភាគីកូរ៉េទទួល និងរៀបចំក្នុងកម្មវិធីបណ្តុះបណ្តាលនៅពេលអនាគត ។

    ទន្ទឹមនឹងនេះ ភាគីកូរ៉េបានស្នើអាជ្ញាធរជាតិអប្សរា ជួយសម្រួលរកទីតាំងសាងសង់រោងពិព័រណ៍ការងារក្នុងដំណាក់ទី២ និងទីតាំងចម្ការថ្មដែលរើពីព្រះលានជល់ដំរីសម្រាប់ការងារជួសជុលទៅអនាគត ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាខាងមុខព្រះលានជល់ដំរីតាមសំណើសុំ និងអនុញ្ញាតឱ្យកែសម្រួលរោងពិព័រណ៍ដែលមានស្រាប់ ដោយសារទីតាំងនេះល្អ សមស្របតាមពេលរៀបចំផ្លូវថ្មីឆ្លងកាត់តំបន់នេះ និងទីតាំងលក់ដូរត្រូវរំកិលទៅខាងជើងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី