
តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski បាននិយាយថា លោកធ្លាប់បានពិចារណាចូលរួមជាមួយ Manchester United នៅពេលដែលលោកទទួលបានការហៅពីលោក Sir Alex Ferguson ។
តារាជើងស៊ុត Robert Lewandowski បានទទួលការលួងលោមឱ្យផ្ទេរមកកាន់ក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១២ នៅពេលដែលគាត់មានអាយុ ២៣ ឆ្នាំ និងទើបតែរកបាន ៣០ គ្រាប់នៅក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលទី ២ របស់គាត់នៅឯអតីតក្លិប Borussia Dortmund ។ កីឡាករអន្តរជាតិប៉ូឡូញបច្ចុប្បន្នមានអាយុ ៣១ ឆ្នាំរូបនេះបាននិយាយថា កេរ្តិ៍ឈ្មោះរបស់លោក Ferguson បានធ្វើឱ្យលោកពិចារណាពីការផ្លាស់ប្តូរ ប៉ុន្តែ Dortmund បានបញ្ឈប់ការចរចានោះភ្លាមៗ ។
Lewandowski បានប្រាប់កាសែត Guardian ថា៖ “ ខ្ញុំបាននិយាយជាមួយគាត់ (លោក Ferguson) បន្ទាប់ពីពីរឆ្នាំនៅ Dortmund ហើយនៅពេលនោះខ្ញុំពិតជាកំពុងគិតអំពីការផ្លាស់ទៅលេងនៅ Manchester United ។ ដោយសារតែលោក Ferguson និងដោយសារតែ Manchester United ” ។
ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayern Munich រូបនេះបន្តថា៖ “Borussia Dortmund បាននិយាយថាទេ នោះគឺជាលើកទី ១ ហើយដែលខ្ញុំគិតអំពីការផ្លាស់ប្តូរនេះពីព្រោះប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទពីលោក Sir Alex Ferguson សម្រាប់កីឡាករវ័យក្មេង វាពិតជាអស្ចារ្យណាស់ ។ នោះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ” ៕
ដោយ៖ តារា