
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលនឹងរកការងារឱ្យកម្មករ និយោជិតធ្វើ បើសិនជារោងចក្រណាមួយបិទឬ ព្យួរការងារជាបណ្តោះអាសន្នដោយសារជំងឺកូរ៉ូណា (COVID-19) ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “រាជរដ្ឋាភិបាលមិនអោបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ ក្មួយៗជាកម្មនិយោជិកមួយចំនួនបាត់បង់ការងារ និងកំណើន សេដ្ឋកិច្ចធ្លាក់ចុះនោះឡើយ” ។
សម្តេចតេជោបានបន្តថា ថ្ងៃនេះរាជរដ្ឋាភិបាលបានចេញវិធានការអន្តរាគមន៍ជាបន្ទាន់ដើម្បីគ្រប់គ្រងផលប៉ះពាល់នូវវិស័យមួយចំនួន ក្នុងគោលដៅធានាលំនឹងសេដ្ឋកិច្ច និងសង្គម។ សម្តេចតេជោបានបន្ថែមថា ការដាក់ចេញនូវវិធានការទាំងអស់នេះរាជរដ្ឋាភិបាល បានគិតគូររាល់គ្រប់ទិដ្ឋភាព សំដៅជួយដល់តួអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យ ដែលមានសក្តានុពលផង។ សម្តេចតេជោបានបន្ថែមទៀតថា ទី១.ជួយដល់ក្រុមហ៊ុនដែមានរងផលប៉ះពាល់ខ្លាំង ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តបានក្នុងបរិបទដ៏លំបាកនេះ។ ទី២. ជួយដល់កម្មករក្នុងករណីដែលបាត់បង់ឬព្យួការងារឱ្យមានលំនឹងជីវភាព និងអាចលើកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួន សម្រាប់អានាគត និងទី៣.ជួយទ្រទ្រង់លើកកំណើតដល់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
សម្តេចតេជោបានលើកឡើងថា វិធានការដែលដាក់ចេញមកនេះមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែជាវិធានការជួយលើកស្ទួយដល់វិស័យទាំងនោះ នៃសេដ្ឋកិច្ចជាតិទាំងមូលនៅពេលដែលជំងឺកូវីដឆ្លងផុតទៅ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖ “ជំងឺកូវីដ១៩ បញ្ហាផ្សេងៗទៀតមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ និងហូសហេតុដល់សេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា នោះគឺជំងឺភ័យខ្លាចដែលមានការឃោសនាពីជនអគតិមួយចំនួន ដែលមានបំណងបង្កភាពចលាចលក្នុងសង្គមជាតិដើម្បីប្រយោជន៍របស់ខ្លួន។ ជាការពិតមូលដ្ឋានសេដ្ឋកិច្ចនៅបន្តមានភាពរឹងមាំ ដូច្នេះខ្ញុំដល់វិនិយោគិនទាំងជនជាតិកម្ពុជា និងបរទេស មានជំនឿរទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមអនុវត្តលើកវិធានការនេះ ឱ្យសកម្ម” ។
សម្តេចបានគូសបញ្ជាក់ទៀតថា ចំពោះក្មួយៗដែលជាកម្មករនិយោជិតទាំងអស់រាជរដ្ឋាភិបាលធានារកការងារជូនប្រសិនបើជួបប្រទះនូវបញ្ហាបាត់បង់ការងារ។ ក្នុងករណីដែលក្មួយៗមិនចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាសក្នុងការបង្កើនការងាររបស់ខ្លួនក្មួយៗអាចចូលរួមនិងទទួលការបណ្តុះបណ្តាលដែររៀបចំដោយក្រសួងពាក់ព័ន្ធ ដោយទទួលបានប្រាក់ចំណាចយ៉ាងសមរម្យ។
ប្រមុខរាជរដ្ឋាភិបាលបានអះអាងទៀតថា នេះជាវិធានការទី១ ដែលសំដៅដល់រក្សាលំនឹងអាជីវកម្មភាព និងលំនឹងជីវភាពជួនកម្មករទាំងអស់។ រាជរដ្ឋាភិបាលនឹងបន្តតាមដានស្ថានភាព សេដ្ឋកិច្ចជាប្រចាំ ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ច រងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ នោះរាជរដ្ឋាភិបាល និងដាក់ចេញវិធានការថ្មីៗទៀតតាមការចាំបាច់ ៕
ដោយ៖ សំណាង