អបអរសាទរ! សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ក្នុងខេត្តសៀមរាប នឹងត្រូវលើកលែងពន្ធចំនួន៤ខែ

21504

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបដែលបានចុះបញ្ជីពុំចាំបាច់បង់ប្រាក់ពន្ធដាប្រចាំខែ ក្នុងរយៈពេល៤ខែ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការជួយដល់វិស័យទេសចរណ៍ ជាមួយនឹងការភ័យខ្លាចចំពោះជំងឺ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវទេសចរបរទេស បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង ៩០ភាគរយ ។

សម្តេចតេជោបានបន្តថា បញ្ហាជំងឺនេះបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំង។ សកម្មភាពទេសចរណ៍នៅតំបន់ដទៃទៀតស្ថិតក្នុងកម្រិតសមរម្យ។ សម្តេចតេជោបានចាត់ទុកថា វិធានការដែលរាជរដ្ឋាភិបាលដាក់ចេញនោះស្ថិតក្នុងគោលបំណងធ្វើយ៉ាងណាជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក្នុងនោះគឺសណ្ឋាគារ និងផ្ទះសំណាក់អាចបន្តអាជីវកម្មរបស់ខ្លួនបាន ក្នុងការបន្តការងារជួនដល់កម្មករ ពិសេសនោះមានភាពខ្លាំងជាងមុននៅពេលជំងឺ COVID-19 បានបញ្ចប់ ។
សម្តេចតេជោបានលើកឡើងថា ការជំរុញវិស័យទេចរណ៍នៅខេត្តសៀបរាមនេះ ក៏សំដៅធ្វើយ៉ាងណាឱ្យមានការបណ្តុះបណ្តាល ដើម្បីឱ្យកម្មករមានឱកាសចាប់យកជំនាញថ្មី ឬមានលទ្ធភាពទទួលបានការងារល្អជាមុន។
សម្តេចតេជោបានបន្តថា លើសពីនេះរាជរដ្ឋាភិបាលមានវិធានការ និងសម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីនៅអគ្គ នាយកដ្ឋានពន្ធដា និងមានសកម្មភាពធ្វើអាជីវកម្មសម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិត ប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវកលើតម្លៃបន្ថែមជារៀងរាល់ខែក្នុងរយៈពេលលើកលែងពន្ធ។
សម្តេចតេជោក៏បានគូសបញ្ជាក់ទៀតថាការលើកលែងយកពន្ធនេះគឺរដ្ឋជាអ្នកបង់ពន្ធជំនួសវិញ។ សម្តេចតេជោបានថ្លែងថា៖”យើងធ្លាប់បង់ពន្ធហើយ យើងមិនអាចហៅថាលើកលែងនោះទេ តែដើម្បីងា យស្តាប់ប្រើពាក្យលើកលែងបង់ពន្ធ តែរដ្ឋបង់ពន្ធជំនួស។ យើងធ្វើមិនទូទៅនោះទេ គឺធ្វើតែនៅ ខេត្តសៀបរាមតែប៉ុណ្ណោះព្រោះជាខេត្តមួយដែលធ្លាប់មានភ្ញៀវទេសចរទៅលេងនៅទីនោះច្រើន តែពេលនេះធ្លាក់ចុះ”។

រូបតំណាង

ជាមួយគ្នានោះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា នឹងមិនធ្វើសវនកម្មពេញលេញសម្រាប់ការបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីនៅពន្ធដា និងសកម្មភាពអាជីវកម្មនៅក្នុងខេត្តសៀបរាមនោះទេ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី