
ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea ដែលកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងកាផ្ទេរទៅកាន់ក្លិប Paris Saint-Germain ។
ម្ចាស់ពានរង្វាន់ UEFA Champions League រដូវកាល ២០១៧/១៨ ដែលទើបបានប្រកាសអ្នកចាត់ការថ្មីរបស់ខ្លួនគឺលោក Julen Lopetegui ដែលត្រូវស្នងតំណែងរបស់លោក Zinedine Zidane កាលពីថ្ងៃអង្គារកំពុងសម្លឹងរកមើលការបង្កើនខ្សែបម្រើរបស់ខ្លួន និង ស្វែងរកកីឡាករនៅក្នុងចិត្ត ។ យោងតាមការសែត Diario AS បានឲ្យដឹងថា កីឡាករអន្តរជាតិបារាំង N’Golo Kante បានក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅនៃការផ្ទេររបស់ Real សម្រាប់រដូវកាលខាងមុខនេះ ។
ក្លឹប Los Blancos ហាក់បីដូចជាកំពុងតែសម្លឹងរកមើលឱកាសនៃភាពមិនច្បាស់លាស់នៃអ្នកចាត់ការបច្ចុប្បន្នរបស់ក្លឹប Chelsea ដើម្បីទាក់ទាញអតីតខ្សែបម្រើ Leicester City ឱ្យទៅលេងនៅកីឡាដ្ឋាន Santiago Bernabeu ។ Kante គឺជាកីឡាករសំខាន់ម្នាក់ក្នុងចំណោមកីឡាកររបស់ក្លឹប Chelsea ជាច្រើនទៀតនៅក្នុងរយៈពេលពីររដូវកាលកន្លងមកដែលបានជួយក្លឹបតោខៀវលើកពានរង្វាន់ធំៗជាច្រើនដូចជា Premier League និង FA Cup ។
ក្លឹបជាច្រើនរួមទាំង PSG ផងដែរត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពរបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ហើយខ្សែបម្រើរូបនេះគេជឿជាក់ថាកំពុងពិចារណាអនាគតរបស់គេនៅលើទឹកដី Stamford Bridge ។ ចាប់តាំងពីផ្ទេរទៅកាន់ក្លិប Chelsea កីឡាករបារាំងរូបនេះបានបង្ហាញខ្លួន ៨៩ ប្រកួតឱ្យក្លិបដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និង បញ្ចូនបាល់ឲ្យគេបាន ៣ លើក បន្ថែមទៀតផង ៕
ដោយ៖តារា