
យោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ Don Balon បានឱ្យដឹងថា ក្រុម Bayern Munich បានកំណត់អត្តសញ្ញាណលោក Diego Simeone ជាបេក្ខជនបឋម ដើម្បីក្លាយជាអ្នកចាត់ការអចិន្រ្តៃយ៍បន្ទាប់របស់ពួកគេ ។
ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ ( ក្របខណ្ឌ Bundesliga ) ៧សម័យកាលជាប់ៗគ្នា Bayern Munich មិនទាន់បានតែងតាំងអ្នកស្នងតំណែងរបស់លោក Niko Kovac នៅឡើយទេ ក្រោយពីបណ្ដេញលោកចេញកាលពីដើមរដូវកាលនេះ ហើយក្លឹបយក្សមួយនេះមានបំណងចង់ចាប់ផ្តើមគំរោងថ្មីជាមួយអ្នកចាត់ការក្លឹបយក្សអេស្ប៉ាញ Atletico Madrid នៅពេលខាងមុខនេះ ។ បច្ចុប្បន្នលោក Hans Flick កំពុងទទួលបន្ទុកជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Bayern Munich ខណះការដឹកនាំបណ្តោះអាសន្នរបស់គាត់នឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃរដូវកាល ២០១៩/២០២០នេះ ។
គួរជម្រាបថា លោក Diego Simeone គឺជាគ្រូបង្វឹកដ៏លេចធ្លោមួយរូបនៅតំបន់អឺរ៉ុប បន្ទាប់ពីលោកដឹកនាំ Atletico Madrid ដោយជួយឱ្យក្លឹបគ្រងតំណែងជើងឯកក្របខណ្ឌ LaLiga ចំនួន១លើក , Europa League ២ដង ជាពិសេសបានដឹកនាំក្រុមឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League ចំនួន ២លើកផងដែរ បូករួមជាមួយពានរង្វាន់ជាច្រើនផ្សេងទៀតក្នុងអំឡុងលោកដឹកនាំ AT ៕
ដោយ៖ តារា