Zola៖ Messi មានឱកាសបង្ហាញថាខ្លួនជាកីឡាករល្អបំផុត លើអតីតទឹកដី Maradona

102571
  • លោក Gianfranco Zola បានគាំទ្រ Lionel Messi ឱ្យបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងឱកាសលេងនៅលើទីលានអតីតក្លឹបរបស់លោក Diego Maradona នៅពេលដែល Barcelona នឹងត្រូវជួបជាមួយ Napoli នៅកីឡដ្ឋាន Stadio San Paolo ។

    ក្រុមអ្នកមានបុណ្យ Barca នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនៅរាត្រីថ្ងៃអង្គារនេះសម្រាប់ជំនួបជើងទី ១ នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយក្របខណ្ឌ UEFA Champions League របស់ពួកគេទល់នឹងក្រុម Partenopei ( Napoli ) ។ ក្រុមម្ចាស់ជើងឯកអេស្បាញជាក្រុមដែលមានឱកាសឈ្នះច្រើនជាងក្នុងការប្រកួតនេះ ដោយពួកគេបានឈ្នះការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ ប៉ុន្តែដោយឡែកក្រុមរបស់លោក Gennaro Gattuso អាចនឹងអាចនឹងចាញ់ច្រាបបន្តិច បើទោះបីជាពួកគេឈ្នះ ៣ប្រកួតចុងក្រោយដូចគ្នាក៏ដោយ ។

    Napoli បានផ្តួលក្រុមការពារតំណែងជើងឯក Champions League ហង្សក្រហម Liverpool នៅក្នុងផ្ទះរបស់ខ្លួន និងបានទទួលលទ្ធផលស្មើ ១-១ នៅឯកីឡដ្ឋាន Anfield ដែលបានជួយក្រុមយក្សអ៊ីតាលីឡើងទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមជើងឯករងប្រចាំពូល E ។ ទោះយ៉ាងណា Barca នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ក្រុមខ្លាំង Inter Milan និង Borussia Dortmund ដើម្បីឈរនៅលើកំពូលតារាងក្នុងពូល F ដោយមិនទាន់ស្គាលពាក្យចាញ់ការប្រកួតនៅក្នុងពូលឡើយ ។

    អតីតខ្សែប្រយុទ្ធរបស់ Napoli លោក Zola បានប្រាប់ Goal ថា៖ “វាល្អសម្រាប់ Messi ខ្ញុំគិតថាគាត់នឹងចូលចិត្តវា ។ នៅពេល Maradona នៅ Naples ខ្ញុំប្រាកដថាគាត់គឺជាម្នាក់ក្នុងចំណោមជនជាតិអាហ្សង់ទីនដែលបានឈរនៅមុខទូរទស្សន៍ដើម្បីមើលនិមិត្តរូបរបស់គាត់ដែលជាកីឡាករល្អបំផុតនៅលើពិភពលោកនៅពេលនោះ ” ។

    បុរសវ័យ ៥៣ឆ្នាំរូបនេះបន្ថែមទៀតថា៖ “ ដូច្នេះការលេងនៅកន្លែងដែល Maradona បានធ្វើរឿងវេទមន្តជាច្រើននឹងធ្វើឱ្យគាត់ (Messi) កាន់តែមានកម្លាំងចិត្ត និងកាន់តែបំផុសគំនិតថែមទៀត ។ គាត់នឹងចង់បង្ហាញដល់ Naples ( Napoli ) ថា Messi ជានរណា  ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី