
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងទទួលក្រុមខ្លាំង Bali United សម្រាប់ជំនួបលើកទីពីរប្រចាំពានរង្វាន់ AFC Cup 2020 ក្នុងពូល G នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ វេលាម៉ោង ៦ល្ងាចនេះ នាពហុកីឡដ្ឋានជាតិ ។
លោក Conor Nestor
នៅក្នុងសន្និសីទសារព័ត៌មានកាលល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ លោក Eko Purjianto គ្រូបង្វឹកក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី ទទួលស្គាល់ថា ព្រះខ័នរាជស្វាយរៀងជាក្រុមដ៏ខ្លាំងមួយ ជាពិសេសកីឡាករប្រេស៊ីល Pedro Augusto, Daisuke Kobayashi និង Privat Mbarga ។
យ៉ាងណា គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីដដែលអះអាងថា នឹងព្យាយាមអស់ពីសមត្ថភាព ហើយសង្ឃឹមអាចដណ្ដើមបានលទ្ធផលល្អក្នុងការប្រកួតដ៏សំខាន់នេះ ។
ចំណែកខ្សែការពារ Haudi Abdillah និយាយថា ក្រុមរបស់គេត្រៀមខ្លួនរួចរាល់អស់ហើយដោយបានហ្វឹកហាត់នៅបាលីយ៉ាងល្អលើទីលានសិប្បនិម្មិត។ គេរំពឹងទទួលបានលទ្ធផលវិជ្ជមានពីក្រុមម្ចាស់ផ្ទះ តែក៏នៅតែរក្សាការគោរពចំពោះក្រុមជើងឯក Metfone Cambodian League ដែរ ។
ពាក់ព័ន្ធនឹងសមាសកីឡាករវិញ លោក Eko Purjianto ឲ្យដឹងថា បាននាំកូនក្រុមមកកម្ពុជា ២០នាក់ ហើយសុទ្ធសឹងតែស្ថិតក្នុងលក្ខខណ្ឌល្អទាំងអស់ ពុំមានអ្វីព្រួយបារម្ភឡើយ ។
លោក Eko Purjianto
ជាមួយគ្នានេះលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានស្វាគមន៍ក្រុម Bali United ដែលបានមកកាន់កម្ពុជា។ លោកថានឹងត្រៀមឲ្យបានល្អជាងកាលប្រកួតជាមួយ Ceres Negros នៅថ្ងៃបើកឆាកដែលលោកមើលឃើញថា ធ្វើមិនសូវបានល្អទៅតាមផែនការ ។ លោកសង្ឃឹមទទួលបានអ្នកគាំទ្រច្រើននៅពហុកីឡដ្ឋានជាតិដើម្បីជាកម្លាំងដល់កូនក្រុម ។
ខណះសម្រាប់ខ្សែបម្រើ សួន សុវណ្ណ មើលឃើញថា Bali United មានខ្សែប្រយុទ្ធសម្បូរគ្រោះថ្នាក់ ដូច្នេះសមាជិកគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្លាំងលើចំណុចនេះ ។
សួន សុវណ្ណ
សូមរម្លឹកឱ្យដឹងផងដែរថា ក្រុមជើងឯកលីគកំពូលកម្ពុជា Metfone Cambodian League ព្រះខ័នរាជស្វាយរៀង បានបើកឆាកចាញ់ក្រុមខ្លាំងហ្វីលីពីន Ceres Negros ក្នុងលទ្ធផល ៤ទល់នឹង០ នៅហ្វីលីពីន ខណៈ Bali ឈ្នះក្រុមវៀតណាម Than Quang Ninh ក្នុងលទ្ធផល ៤ទល់នឹង១ ៕
ដោយ៖ តារា