
រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាជាង ៨៩០.៤៧១ដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងកសិកម្ម និងសង្គមកិច្ចនៅកម្ពុជា ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
រូបតំណាង
ថវិកាក្រោមគ្រោងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលចុះហត្ថលេខានាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ-ភូមិធម្មជាតិសម្តេចតេជោ ក្នុងទឹកប្រាក់ចំនួន ៨៥.០១៩ដុល្លារ ខណៈគម្រោងរួមបញ្ចូលគ្នាសម្រាប់លើកកម្ពស់សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តកំពង់ឆ្នាំងចំនួន ៤៥២.៤២៧ដុល្លារ និងគម្រោងសម្រាប់ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិនតាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងទឹក ប្រាក់ចំនួន៣៥៣.០២៥ដុល្លារ ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា រំពឹងថា គម្រោងទាំងនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជា ពិសេសស្ត្រី និងកុមារមានសុខភាព និងជីវភាពកាន់តែប្រសើរ។ ឯកឧត្តម មានប្រសាសន៍ថា ហិរញ្ញប្បទានឥតសំណងនេះ មានសារៈ ប្រយោជន៍សម្រាប់ការរួមចំណែកអភិវឌ្ឍន៍អនាគតរបស់ប្រទេសកម្ពុជា ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ ៕
ដោយ៖ សំណាង