
Bernardo Silva ធ្លាប់បានលេងជាមួយកីឡាករ Cristiano Ronaldo រួចហើយនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ ហើយកីឡាកររូបនេះបានសារភាពថា គាត់នឹងស្វាគមន៍ជានិច្ចក្នុងឱកាសក្លាយជាមិត្តរួមក្រុមជាមួយ Lionel Messi ។
កាលពីពេលថ្មីៗនេះតារាឆ្នើមរបស់ Manchester City វ័យ ២៥ឆ្នាំរូបនេះបានមើលឃើញឱកាសផ្លាស់ទៅលេងនៅ Barcelona ហើយអាចនឹងចាកចេញពីកីឡដ្ឋាន Etihad នៅរដូវកាលក្ដៅខាងមុខ ក្រោយពីក្រុមមេឃខៀវបានជាប់បម្រាមមិនឱ្យចូលលេងពានរង្វាន់ក្របខណ្ឌ Champions League រយៈពេលរហូតដល់ ២ ឆ្នាំឯណោះ ក្រោយពីធ្វើខុសច្បាប់ចាយវាយលើសចំណូលរបស់ UEFA ។
ខ្សែបម្រើឆ្នើមរបស់ព័ទុយហ្កាល់ Silva មិនបានបញ្ជាក់ថា គាត់នឹងជំរុញឱ្យមានការផ្លាស់ប្តូរកើតមាននោះទេ ប៉ុន្តែទោះជាយ៉ាងណាកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានត្រៀមខ្លួនទទួលស្គាល់ថា គាត់មានមហិច្ឆតាក្នុងសហការនៅថ្ងៃណាមួយ ជាមួយនឹងម្ចាស់ពានរង្វាន់ Ballon ៦ សម័យកាលវ័យ ៣២ឆ្នាំរូបនេះ ។
Silva បានប្រាប់ SER Catalunya នៅពេលសួរថាតើគាត់ចង់លេងជាមួយ Messi ទេ? កីឡាកររូបនេះឆ្លើយថា៖ “ ខ្ញុំលេងជាមួយ Cristiano ក្នុងក្រុមជម្រើសជាតិ ហើយប្រសិនបើខ្ញុំលេងជាមួយ Messi អាចនិយាយបានថាខ្ញុំបានលេងជាមួយកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តនឹងជាសេចក្តីរីករាយ ប៉ុន្តែវាជាបញ្ហាស្មុគស្មាញ ។ នៅ City ឬនៅ Barca វានឹងត្រូវបានស្វាគមន៍” ៕
ដោយ៖ តារា