
បើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ១,១៤៦ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១១នាក់បានបាត់បង់ជីវិត ។
តួលេខកើនឡើងយ៉ាងគំហុកខាងលើនេះ គឺបានកើតមានឡើង ក្រោយពីអាជ្ញាធរបានប្រកាសចេញនូវអ្នកធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃមេរោគ COVID-19 ចំនួន ១៦៩នាក់បន្ថែមទៀត នៅព្រឹកថ្ងៃពុធនេះតែម្តង ។ បច្ចុប្បន្នទីតាំងដែលរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) និងស្រុកឆុងទូ (Cheongdu) ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជិត ៨០% ឯណោះ ៕
ដោយ៖ រ៉ាយូ