
អង្គការ WWF បានចេញផ្សាយព័ត៌មានផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃអង្គារទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ថា មានកូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាបួនក្បាលត្រង់ចំណុចអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្រុមការងារស្រាវជ្រាវសត្វផ្សោត ។
កូនសត្វផ្សោតថ្មីនេះជាកូនផ្សោតទី៣ ហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាទុកនៅដើមឆ្នាំ២០២០។ កាលពីដើមខែកុម្ភៈកន្លងទៅនេះផងដែរ ក្រុមការងារស្រាវជ្រាវ និងតាមដានសត្វផ្សោតទន្លេមេគង្គនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និង ស្ទឹងត្រែង និង អង្គការ WWF-កម្ពុជា បានចុះសិក្សា និងធ្វើការតាមដានចំនួនសត្វផ្សោតទន្លេមេគង្គ ដោយជិះទូក និងថតរូបសត្វផ្សោតទន្លេមេគង្គ ដើម្បីធ្វើការវិភាគអត្តសញ្ញាណរបស់សត្វផ្សោត ដែលរស់នៅតាមដងទន្លេមេគង្គ ចម្ងាយ ១៩០គីឡូម៉ែត្រ ចាប់ពីទីរួមខេត្តក្រចេះ ទៅដល់ព្រំប្រទល់ឡាវក្នុងខេត្តស្ទឹងត្រែង។ ក្រុមការងារក៏បានកត់ត្រាទុកនូវកំណើតកូនផ្សោតថ្មីចំនួនពីរក្បាលរួចហើយផងដែរ ។
ការរកឃើញកូនផ្សោតថ្មីទី៣ នេះបានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវ និង អភិរក្សផ្សោតទន្លេមេគង្គមានការត្រេកអរយ៉ាងខ្លាំង ហើយបានប្តេជ្ញាថា នឹងរួមគ្នាការពារ និង អភិរក្សផ្សោតទឹកសាបដែលនៅសេសសល់ចុងក្រោយនៅលើពិភពលោកនេះឱ្យនៅគង់វង្ស ៕
ដោយ៖ ស្រស់ រូបភាព៖ WWF