
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននៅមានខេត្ដតែពីរប៉ុណ្ណោះដែលនៅប្រឈមនឹងជំងឺគ្រុនចាញ់ខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាខេត្ដផ្សេងៗទៀត នៅទូទាំងប្រទេស គឺខេត្ដស្ទឹងត្រែង និងខេត្ដមណ្ឌលគិរី។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ទូទាំងប្រទេសរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ដោយកម្ពុជាបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ទទួលជោគជ័យបីឆ្នាំជាប់ៗគ្នា ចាប់ពីចុងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩កន្លងមក។
ឯកឧត្ដមបានបញ្ជាក់ថា ឥឡូវនេះ ក្រសួងកំពុងតែយកចិត្ដទុកដាក់ដល់ទីកន្លែង ឬតំបន់ដែលមានជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីរៀបចំយុទ្ធសាស្រ្ដថ្មី និងវិធានការក្នុងការកម្ចាត់មេរោគគ្រុនចាញ់នេះ ដោយត្រូវចុះទៅជួបជាមួយប្រជាពលរដ្ឋនៅទីកន្លែង ឬតំបន់ដែលប្រឈម ចុះផ្សព្វផ្សាយអប់រំ ផ្ដល់មុងជ្រលក់ថ្នាំ និងណែនាំឱ្យប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់ ប្រើប្រាស់មុងឱ្យបានត្រឹមត្រូវ ជាពិសេសការជួសឈាមរកមេរោគគ្រុនចាញ់ បើមានត្រូវផ្ដល់ថ្នាំព្យាបាលបំបាត់ជំងឺគ្រុនចាញ់។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្ដប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ដ ក្រុមការងារថ្នាក់ស្រុកឱ្យបានទៀងទាត់ ដើម្បីពិនិត្យស្ថានការណ៍ជំងឺបានទាន់ពេលវេលា និងមានវិធានការឆ្លើយតបបន្ទាន់ទើបលុបបំបាត់ជំងឺគ្រុនចាញ់បាន ជាពិសេសប្រភេទគ្រុនចាញ់សន្ធំ ដែលត្រូវលុបបំបាត់ឱ្យបាននៅឆ្នាំ២០២០នេះ ស្របតាមយុទ្ធសាស្រ្ដជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញដល់មជ្ឈមណ្ឌលជាតិ និងភាគីពាក់ព័ន្ធត្រូវផ្ដោតលើប្រជាជនប្រឈមខ្ពស់ ជនចំណាកស្រុក អ្នកចូលព្រៃ ធ្វើយ៉ាងណាផ្ដល់មធ្យោបាយការពារបង្ការការចម្លងជំងឺ និងផ្ដល់សេវាអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺឱ្យបានឆាប់បំផុត ទាន់ពេលវេលា ដើម្បីរារាំងទប់ស្កាត់ការរាលដាលការចម្លងជំងឺ។
បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដនៃក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩ មាន៣១,៩៧១ករណី អត្រាអាំងស៊ីដង់១.៩៥ ក្នុងចំណោមប្រជាជន១,០០០នាក់ គឺមានការថយចុះ៤៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
ក្នុងនោះប្រភេទជំងឺគ្រុនចាញ់សន្ធំ និងចម្រុះក្នុងឆ្នាំ២០១៩ មាន៤,៩៩០ករណី ដែលជាចំនួនកាត់បន្ថយយ៉ាងគំហុក៧២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ លោកវេជ្ជបណ្ឌិតបានបន្ដថា ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ គឺសូន្យ ចាប់តាំងពីឆ្នាំ២០១៨មក ដោយសម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់៣ឆ្នាំមុនគោលដៅឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងឆ្នាំ២០១៩ ករណីជំងឺគ្រុនចាញ់មានជាប្រចាំពេញមួយឆ្នាំតែរាយប៉ាយតាមតំបន់ខ្លះនៃ២១ខេត្ដ ដែលករណីជំងឺចាប់កើនចំនួនពីខែឧសភា និងដល់កំពូលខ្ពស់ជាងគេ ក្នុងខែកក្កដា រួចចំនួនករណីនេះក៏បានធ្លាក់ចុះមកវិញ ៕
ដោយ៖ សំណាង