
ទាំង Real Madrid និង Juventus ដឹកដៃគ្នាចាញ់នៅជំនួបជើងទី១ វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីព្រឹកយប់មិញនេះ ។
ម្ចាស់ជើងឯក Champions League ១៣សម័យកាល Real Madrid បានបើកទ្វាពហុកីឡដ្ឋានទទួលក្រុមខ្លាំងមកពីអង់គ្លេស Manchester City សម្រាប់ការប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ ។ តែទោះជាយ៉ាងណាក្រុមភ្ញៀវធ្វើបានល្អមែនទែនដោយបានយកឈ្នះក្រុមម្ចាស់ទឹកដី ក្នុងលទ្ធផល ២ ទល់នឹង ១ ដោយ ២គ្រាប់របស់មេឃខៀវ រកបានដោយកីឡាករ Gabriel Jesus (នាទី ៧៨) និងមួយគ្រាប់ទៀតកើតឡើងដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Kevin de Bruyne ខណះ ១គ្រាប់របស់ក្រុមស្ដេចស ស៊ុតបញ្ចូលទីដោយខ្សែបម្រើអេស្ប៉ាញ Isco នៅនាទីទី៦០ ។ ហើយម្ចាស់ផ្ទះក៏បានបាត់បង់ប្រធានក្រុមដែលជាខ្សែការពារដ៏រឹងមាំ Sergio Ramos ផងដែរ ក្រោយទទួលបានកាតក្រហម (នាទី៨៦) ។
រីឯជំនួបរវាងក្រុមខ្លាំងបារាំង និងអ៊ីតាលីវិញក៏ជំនួបដ៏ជក់ចិត្តផងដែរ ។ Lyon បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលក្រុមជើងឯក Serie A សេះបង្កង់ Juventus ហើយក៏បានយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផលប្រថុយប្រថាន ១-០ ដោយមួយគ្រាប់ជ័យជម្នះនេះរកបានដោយខ្សែបម្រើបារាំង Lucas Tousart នៅនាទីទី៣១ ខណះតារាជើងស៊ុតវ័យចំណាស់ Cristiano Ronaldo បន្តរកគ្រាប់មិននៅ UCL ។
សូមជម្រាបឱ្យដឹងថា សម្រាប់ការប្រកួតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ក្របខណ្ឌ UEFA Champions League នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តទៅ ខណះក្រុម ៤ នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៨ ខែមីនា ៕
ដោយ៖ តារា