
អតីតកីឡាករឆ្នើម FC Barcelona និងជម្រើសជាតិអេស្ប៉ាញ David Villa ជឿថា Lionel Messi មានចំណុចខ្លាំងច្រើនរហូតដល់មិនអាចកំណត់បានទេថាតើគេលេងតួនាទីណាមួយបានល្អបំផុតនៅលើទីលានប្រកួត ។
ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះបានឈ្នះពានរង្វាន់ Ballon d’Or ទី៦ របស់ខ្លួនកាលពីចុងឆ្នាំ២០១៩ ហើយក្រុមរបស់គេនៅតែប្រជែងយកពានរង្វាន់លីគកំពូលអេស្ប៉ាញ និង Champions League ដដែល ខណៈដែលពួកគេនឹងត្រូវប្រកួត Clasico នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះនៅទឹកដីរបស់ក្រុមស្ដេចស Real Madrid ។
ក្លឹប Barcelona នាំមុខ Real Madrid ២ពិន្ទុនៅកំពូលតារាង មុនការប្រកួតនៅទឹកដី Santiago Bernabeu ក្រោយពេលដែល Messi រកបានគ្រាប់បាល់ ៤គ្រាប់ពេលប្រកួតជាមួយក្លឹប Eibar នៅទឹកដី Camp Nou ។
Villa ដែលជាអតីតមិត្តរួមក្រុមរបស់ Messi នៅ Barcelona ក្រោយប្ដូរមកពីក្លឹប Valencia កាលពីឆ្នាំ២០១០ ស្ងប់ស្ងែងពេលបានឃើញសមត្ថភាពរបស់ខ្សែប្រយុទ្ធអាស្សង់ទីនរូបនេះ ។
លោក Villa បាននិយាយប្រាប់សារព័ត៌មាន BBC Sport ថា៖ “ខ្ញុំមិនដឹងថាពាក្យនេះជារបស់អ្នកណាទេ ប៉ុន្តែគ្រាន់តែចាំថាគេបាននិយាយថា Messi គឺ Messi, Andres Iniesta និង Xavi ហើយអាចថែម Sergio Busquets ម្នាក់ទៀត បើអ្នកចង់ ។ ពេលដែលខ្ញុំបានឮពាក្យនេះ ខ្ញុំគិតថា ខ្ញុំក៏យល់ដូច្នោះដែរ។ បើអ្នកសួរខ្ញុំថា Messi លេងតួនាទីមួយណាបានល្អបំផុត ខ្ញុំមិនដឹងទេ ។ គេមិនមែនជាកីឡាករលេខ៩ ទេ ប៉ុន្តែជាកំពូលអ្នករកគ្រាប់បាល់ច្រើនបំផុត ។ គេមិនមែនជាកីឡាករលេខ១០ ទេ ប៉ុន្តែជាកីឡាករដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានល្អបំផុត ។ គេមិនខ្ពស់ទេ ប៉ុន្តែអាចរកគ្រាប់បាល់ដោយតែតបាន គេលេងបានល្អគ្រប់យ៉ាង” ។
អតីតកីឡាកររបស់ក្លឹបជប៉ុន Vissel Kobe វ័យ ៣៨ឆ្នាំរូបនេះបន្តថា៖ “ជួនកាលយើងបានគិតថាគេស៊ុតបាល់ដោយជើងស្ដាំមិនសូវបានល្អទេ ក្រោយមក គេក៏ស៊ុតបាល់បញ្ចូលទីបានល្អដោយប្រើជើងស្ដាំ។ ខ្ញុំគិតថាមានម្ដងនោះគេលេងតួនាទីជាអ្នកចាំទី ហើយគេក៏លេងបានល្អដែរ ។ នេះជារឿងពិតរបស់ Messi ។ គ្រប់គ្នាសុទ្ធតែដឹងថាគេស្ងៀមស្ងាត់មិនសូវនិយាយស្ដីទេ។ គេជាមនុស្សដ៏សាមញ្ញម្នាក់ ទាំងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករ និងនៅក្នុងទីលានប្រកួត” ៕
ដោយ៖ តារា