
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រទេសកូរ៉េខាងត្បូងបានអះអាងថា បានរកឃើញអ្នកផ្ទុក COVID-19 ចំនួន ៣៣៤នាក់បន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១,៥៩៥ ករណី ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានករណីថ្មីចំនួន ៣០៧ ករណីស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងដេហ្គូ(Daegu) ដែលជាកន្លែងផ្ទុះជំងឺនេះចេញពីព្រះវិហារគ្រិស្តសាសនាមួយដែលមានសមាជិកក្រុមជំនុំជាង ២ សែននាក់។មកទល់នឹងពេលនេះ មានករណីស្លាប់ដោយវីរុស COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់១២នាក់ ។
សូមបញ្ជក់ថា លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក បានលើកឡើងថា ការបន្តធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនគឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការអន្តរជាតិមួយនេះក៏បានព្រមានថា ការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនយ៉ាងគំហុក ៕
ដោយ៖ បូណា