
ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងប្រចាំឆ្នាំ២០១៩ បានទៅលើខេត្តសៀមរាប ខណៈដែលរាជធានីភ្នំពេញទទួលបានលេខ២ និងលេខ៣ ទីក្រុងកែប ។
ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លទ្ធផលនៃការប្រឡងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងប្រចាំឆ្នាំរបស់ក្រុងសៀមរាប ត្រូវបានវាយតម្លៃទៅលើការតុបតែងលំអ អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីទទួលបាននូវភាពពេញ ការសប្បាយរីករាយរបស់ភ្ញៀវទេសចរនិងអ្នកចូលរួម ។
ឆ្លងឆ្នាំសកលនៅភ្នំពេញ
ឯកឧត្តមបានរៀបរាប់ថា៖ “ការប្រកួតប្រជែងប្រឡងប្រណាំង ទីក្រុងដែលរៀបចំទទួលស្វាគមន៍បានល្អក្នុងគោលបំណងមួយទាក់ទាញទេសចរ ក៏ដូចជាបង្ហាញពីការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការ រៀបចំនៅមូលដ្ឋានតាមខេត្តនីមួយៗ ។
ជាលទ្ធផលតាមរយៈការបោះឆ្នោតនៃអ្នកចូលរួម គឺយើងទទួលបាន៣ក្រុង គឺ សៀមរាប រាជធានីភ្នំពេញនិងក្រុងកែប ដែលទទួលបានចំណាត់ថ្នាក់ ។ ចំណុចសំខាន់តែចង់បង្ហាញអំពីការអភិវឌ្ឍរបស់ស្រុកយើង ក៏ដូចជាការរៀបចំឲ្យបានល្អ សម្រាប់ការទាក់ទាញទេសចរ ។ ចឹងមិនមែនមានន័យថាក្រុងផ្សេងៗអត់ល្អទេ ក្រុងផ្សេងៗក៏រៀបចំបានល្អដែរ គ្រាន់តែថា យើងរើសយក៣ក្រុងហ្នឹងតាមរយៈការបោះឆ្នោតរបស់ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួម” ។
ឆ្លងឆ្នាំសកលនៅសៀមរាប
ឯកឧត្តម តុប សុភ័ក្រ បានឲ្យដឹងទៀតថា កម្មវិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០១៩ នេះ បានប្រារព្ធជាលើកទី១ ៕
ដោយ៖ ស្រស់