ក្រសួងមហាផ្ទៃ ដាក់គោលដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%ចាប់ពីឆ្នាំ២០២០-៣០

80482
  • រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានដាក់ផែនការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយចាប់ពី២០២០ដល់ឆ្នាំ២០៣០ ដើម្បីធានាសុវត្ថិភាព និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងនឹងកែអនុក្រឹត្យស្តីពីការផាកពិន័យក្នុងឆ្នាំ២០២០នេះ ដើម្បីបង្កើន កម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឱ្យបានធ្ងន់ធ្ងរជាងពេលមុន ពិសេសរហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរមានសារធាតុញៀនគ្រឿងញៀន ត្រូវពិន័យលែងឱ្យបើកបរអស់មួយជីវិត ក្នុងវិធានការឆ្ពោះទៅកាត់បន្ថយគ្រោះ ថ្នាក់ចរណ៍ឲ្យបាន៥០ភាគរយចាប់ពីឆ្នាំនេះទៅដល់ឆ្នាំ២០៣០ ។
    ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការដកសិទ្ធិការធ្វើចរាចរណ៍ចំពោះពលរដ្ឋណាដែលល្មើសច្បាប់ចរាចរណ៍នេះ នឹងត្រូវធ្វើឡើង ក្រោយពីសមត្ថកិច្ចត្រូវបានអប់រំនិងផាកពិន័យលើសពី២ដង នឹងមិនឱ្យមានសិទ្ធិធ្វើចរាចរណ៍ក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំ ។
    សម្តេចក្រឡាហោមបានបបញ្ជាក់ថា ការកែអនុក្រឹត្យស្តីពីការផាកពិន័យក្នុងឆ្នាំ២០២០នេះ ដោយសារបច្ចុប្បន្ននេះ ការអនុវត្តន៍ច្បាប់ចរាចរណ៍ហាក់នៅធូរលុងនៅឡើយជាហេតុនាំឱ្យអ្នកប្រព្រឹត្តលើ្មសមិនសូវជាខ្លាចរអានោះឡើយ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ត្រូវបានដល់កម្រិតប្រកាសអាសន្ន។

    សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា គោលដៅកែអនុក្រឹត្យស្តីពីការផាកពិន័យក្នុងឆ្នាំ២០២០នេះដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយនៅ២០២០ដល់ឆ្នាំ២០៣០យ៉ាងមានប្រសិទ្ធភាព។
    សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ក្នុងអត្រានេះកើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី