
ខ្សែបម្រើម្នាក់របស់ក្លឹប Arsenal ដែលកំពុងខ្ចីជើងលេងនៅក្លឹប Besiktas គឹកីឡាករ Mohamed Elneny បាននិយាយអំពីទម្រង់លេងរបស់ Mohamed Salah ដែលត្រូវជាមិត្តរួមក្រុមជម្រើសជាតិអេហ្ស៊ីប និងជាខ្សែប្រយុទ្ធរបស់ក្លឹប Liverpool ។ គេថែមទាំងបាននិយាយទៀតថា បើគេជា Salah វិញ គេនឹងមិនចាកចេញពីក្លឹប Liverpool នោះទេ ។
កីឡាករវ័យ ២៧ឆ្នាំ Elneny បានលើកយកករណីរបស់ Hazard មកធ្វើជាឧទាហរណ៍បញ្ជាក់ឱ្យ Salah ដឹងពីមូលហេតុដែលគេគួរបន្តលេងនៅ Liverpool ។ ខ្សែបម្រើរូបនេះបាននិយាយថា Hazard ធ្វើមិនបានល្អនោះទេតាំងពីពេលដែលគេប្ដូរពី Chelsea មក Real Madrid ហើយទោះបីជាក្រុមអធិរាជស និងក្លឹប Barcelona ជាក្លឹបធំជាង Liverpool ក៏ដោយក៏គេចាំបាច់ត្រូវលេងនៅក្លឹបមួយនេះបន្តទៀតដែរ ។
Elneny បានបញ្ជាក់ថា៖ “ខ្ញុំគិតថាគេ (Salah) កំពុងលេងឱ្យក្លឹបមួយដែលឋិតក្នុងចំណោមក្លឹបល្អបំផុតក្នុងលោក។ គេជាតារារបស់ Liverpool ហើយបើខ្ញុំជាគេវិញ ខ្ញុំនឹងលេងនៅក្លឹបនេះបន្តទៀត ។ ដូចអ្នកបានឃើញស្រាប់ហើយ Hazard ជួបបញ្ហារហូតតាំងពីពេលដែលគេចាកចេញពី Chelsea ។ ត្រូវហើយ ក្លឹប Real Madrid ធំជាង Liverpool ហើយ Barcelona ក៏ធំជាង Liverpool ដែរ។ ប៉ុន្តែគេមានលក្ខខណ្ឌល្អរួចហើយនៅក្លឹបបច្ចុប្បន្ន ហើយក្លឹបនេះកំពុងឈរទន្ទឹមគ្នាជាមួយក្លឹបដែលឆ្នើមបំផុតក្នុងលោក ។ ខ្ញុំមិនដឹងថាគេគិតយ៉ាងណានោះទេ ប៉ុន្តែបើជាខ្ញុំវិញ ខ្ញុំនឹងលេងនៅ Liverpool បន្តទៅទៀត ” ។
ខ្សែបម្រដែលកើតនៅឆ្នាំ១៩៩២ រូបនេះបាននិយាយពេលផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Bein Sports Turkey ថា៖ “អ្នកគាំទ្រក្រុម Liverpool ស្រឡាញ់ចូលចិត្តគេ ។ គេកំពុងដើរលើគន្លងក្លាយជាវីរបុរសរបស់ Liverpool ហើយខ្ញុំគិតថានេះជារឿងល្អ ” ៕
ដោយ៖ តារា