
តារារបស់ក្លិប FC Barcelona បានជំរុញឱ្យអតីតកីឡាកររបស់ក្លឹបម្នាក់ត្រឡប់មកលេងនៅ Camp Nou វិញក្រោយពីគាត់ចាកចេញកាលពីឆ្នាំ ២០១៣ ។
ខ្សែបម្រើ Thiago Alcantara របស់ក្លិប Bayern Munich មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្លឹបយក្សរបស់អាល្លឺម៉ង់ហើយក្លឹបមួយនេះក៏មានឆន្ទៈក្នុងការអនុញ្ញាតឱ្យរូបគេចាកចេញក្នុងទីផ្សាដោះដូរកីឡាករខាងមុខនេះដែរ ។ អ្នកចាំទី Marc-Andre ter Stegen ដែលជាអ្នកចាំទីដៃទីមួយរបស់ក្លឹប Blaugrana ( Barce ) បានបង្ហាញអារម្មណ៍រីករាយនឹងចង់ឃើញ Alcantara វិលមកក្លឹបអ្នកមានបុណ្យវិញដោយនិយាយថាគាត់នឹងក្លាយជាកីឡាករល្អឥតខ្ចោះសម្រាប់ក្រុម ។
Ter Stegen បានប្រាប់ Bild ថា៖ “ខ្ញុំចង់ឱ្យ Thiago មកលេងនៅក្លឹប Barcelona ។ ស្ទាយលេងរបស់គាត់សមជាមួយយើង ហើយ ទស្សនៈរបស់ខ្ញុំគាត់គឺជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍ ។ Thiago គឺជាប្រភេទកីឡាករពិសេស ។ គាត់ប្រាកដជានឹងផ្តល់ឱ្យយើងនូវលទ្ធផលផ្សេងៗគ្នា ។ ប្រសិនបើមានការផ្ទេរមួយនោះវានឹងក្លាយជារឿងដ៏អស្ចារ្យសម្រាប់រូបគេនិងសម្រាប់ពួកយើង “។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួន ១០០ ប្រកួតឱ្យក្លឹប Barcelona នៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ប៉ុន្តែមិនសូវជាទទួលបានផ្លែផ្កាប៉ុន្មាននោះទេដោយសារកីឡាកររូបនេះត្រូវធ្វើការប្រកួតប្រជែងខ្លាំងជាមួយខ្សែបម្រើកណ្តាល Andres Iniesta និងកីឡាករ Xavi Hernandez ទើបធ្វើឲ្យរូបគេសម្រេចចាកចេញពីក្លឹបកាលពីឆ្នាំ ២០១៣ ៕
ដោយ៖តារា