
លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានទទួលស្គាល់ថា វាពិតជាលំបាកខ្លាំងណាស់សម្រាប់ក្រុមកាំភ្លើងធំដើម្បីទទួលបានកៅអីលេងនៅក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ តាមរយៈការប្រជែងយកកៅអី Top-4 នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ Europa League ។
Arsenal បានធ្លាក់ចេញពីវគ្គ ៣២ក្រុមចុងក្រោយនៃក្របខណ្ឌ Europa League ក្រោមថ្វីជើងក្រុមខ្លាំងក្រិក Olympiacos ក្រោយចប់ការប្រកួតទាំងពីរជើងក្នុងលទ្ធផល ២-២ បន្ទាប់ពីចាញ់ជើងទី២ ក្នុងលទ្ធផល ១-២ កាលពីព្រឹកយប់មិញនេះ ។ ការឈ្នះពានរង្វាន់ Europa League នឹងធ្វើឱ្យ Arsenal អាចលេងក្របខ័ណ្ឌ Champions League ក្រោយពីខកខានមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបចាប់តាំងពីរដូវកាល ២០១៦-១៧ ប៉ុន្តែឥឡូវនេះក្រុមកាំភ្លើងធំប្រឈមមុខនឹងការប្រជែងគ្នាយ៉ាងខ្លាំងខណៈដែលពួកគេឈរនៅចំណាត់ថ្នាក់លេខ ៩ នៃក្របខ័ណ្ឌ Premier League ដែលមាន ៧ ពិន្ទុនៅក្រោមក្រុមកំពូលតារាងទាំង៤ ។
លោក Arteta ដែលបានមកជំនួសលោក Unai Emery កាលពីខែធ្នូបានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកួត ដែលត្រូវបានគេសួរអំពីការលំបាកក្នុងការប្រជែងយកក្រុមកំពូលទាំង ៤ ថា៖ “ ពិបាកណាស់ព្រោះមើលតារាងយើងនៅឆ្ងាយពីគោលដៅដែលយើងទាំងអស់គ្នាមាន ។ ប៉ុន្តែយើងនៅឆ្ងាយពីរដូវកាលនេះណាស់ ហើយយើងត្រូវតែបន្តប្រយុទ្ធតទៅទៀត ” ។
អតីតគ្រូជំនួយ Manchester City រូបនេះបន្តទៀតថា៖ “ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបន្ទប់ផ្លាស់សំលៀកបំពាក់ត្រូវតែរឹងមាំ ហើយយើងត្រូវតែបន្ត និងមានប្រតិកម្ម ។ ដំបូងខ្ញុំត្រូវបញ្ចុះបញ្ចូលពួកគេអំពីអ្វីដែលបានកើតឡើងនៅក្នុងការប្រកួត ហើយហេតុអ្វីពួកគេមិនឈ្នះការប្រកួតនេះ ។ ប្រសិនបើពួកគេនៅតែបន្តធ្វើបែបនេះវានឹងមានរង្វាន់ដូចយើងបានធ្វើក្នុង ១០ ប្រកួតចុងក្រោយដែលយើងបានលេង ” ៕
ដោយ៖ តារា