
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានថ្លែងនៅព្រឹកថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ឥឡូវនេះសត្វភេចំនួន ៥ក្បាល ដែលអាជ្ញាធរជាតិអប្សរាយកមកព្រលែងឱ្យរស់នៅក្នុងតំបន់អង្គរធំ បង្កើតកូនបានចំនួន ២ក្បាលហើយ ដែលធ្វើសត្វភេរស់នៅ ក្នុងតំបន់អង្គរនេះកើនឡើងដល់៧ក្បាល។ឯកឧត្តមបន្តថា រមណីយដ្ឋានអង្គរក្រៅពីមានប្រាង្គប្រាសាទដ៏មហស្ចារ្យ ក៏មានព្រៃ ជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALLI ANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សម្រេចជ្រើស ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រ និងជិតផុតពូជផងដែរ ។
នៅរយៈពេល៦ឆ្នាំកន្លងមកនេះ សត្វព្រៃកម្រ និងជិតផុតពូជចំនួន ៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន ៨ក្បាល ឈ្លូស ៤ក្បាល សំពោចក្រអូប ៥ក្បាល សត្វភេ ៥ក្បាល និងស្វាព្រាហ្មណ៍ ១២ក្បាល ត្រូវបានយកមកផ្សាំ និងព្រលែងឱ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ ក្រោមការមើលថែយ៉ាងល្អប្រសើរ ។ សត្វទាំងនេះបានបង្កើតកូនជាបន្តបន្ទាប់ ដូច្នេះនៅក្នុងតំបន់អង្គរនិងមានវត្តមានប្រភេទសត្វប្រឈមពូជជាច្រើនរស់នៅ និងបានរួមចំណែក អភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់និងការផុតពូជ ។
ជាពិសេសសត្វព្រៃក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញភ្ញៀវទេសចរ ព្រោះវាមិន បានផ្តល់ផលអាក្រក់ឬគ្រោះថ្នាក់ដល់មនុស្សឡើយ បើមនុស្សមិនរំលោភបំពានលើពួកវា ជាពិសេសភ្ញៀវទេសចរបានទស្សនាប្រាសាទបុរាណដ៏មហស្ចារ្យ ហើយ បានមើលសត្វព្រៃកម្រ និងប្រឈម និងការផុតពូជផងដែរ ៕
ដោយ៖ ស្រស់