
បើយោងតាមការចុះផ្សាយរបស់ការសែត Daily Mail បានឱ្យដឹងថា ក្រុម Manchester United បានទទួលជោគជ័យក្នុងការតាមប្រមាញ់កីឡាករ Kalidou Koulibaly ខណៈដែល Napoli ត្រៀមខ្លួនទទួលយកការផ្តល់ជូនខ្សែការពារកណ្តាលម្នាក់នេះ ប៉ុន្តែតម្លៃខ្លួនប្រហែលជាហាក់ឡើងខ្ពស់ជាងមុនរហូតដល់ ៨៥ លានផោន ដើម្បីធ្វើឱ្យការផ្ទេរនេះកើតឡើង ។
ក្លិបដែលមានកីឡដ្ឋាន Old Trafford បានធ្វើការតាមកីឡាករអន្តរជាតិសេណេហ្កាល់ជាខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមរហ័សនាមបិសាចក្រហមមិនបានធ្វើការដេញថ្លៃជាផ្លូវការណាមួយ សម្រាប់ខ្សែការពារដ៏រឹងមាំកូនកាត់បារាំងរូបនេះនោះឡើយ ។ Koulibaly ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីក្រុមកំពូលៗជាច្រើនពាសពេញទ្វីបអឺរ៉ុបដោយក្នុងនោះរួមមានក្រុម Barcelona, Real Madrid និង Manchester City សុទ្ធតែចង់បានកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ។
បើយោងតាមរបាយការណ៍កាលពីពេលមុនបាននិយាយថា Man United នឹងត្រូវចំណាយប្រាក់រហូតដល់ ១២៧ លានផោនឯណោះក្នុងការទិញផ្ដាច់កុងត្រា ដើម្បីចុះហត្ថលេខាលើ Koulibaly ។ ប៉ុន្តែបើតាមការកំណត់ជាថ្មីរបស់ប្រធានក្លឹប Napoli លោក Aurelio De Laurentiis ឥឡូវនេះ តម្លៃដាក់លក់កីឡាកឆ្នើមរូបនេះនារដូវក្ដៅក្នុងចំនួន ៨៥ លានផោន នេះបើយោងតាម Corrie Dello Sport តាមរយៈ SportWitness ៕
ដោយ៖ តារា