
ក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃសុក្រ ទី២៨ កុម្ភៈ មុនទទួលក្រុមភ្ញៀវណាហ្គាវើលដ៍ សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2020 សប្ដាហ៍ទី៣ លោក Apisit Im Amphai គ្រូបង្គោលបឹងកេតអះអាងថា សមាជិកគ្រប់រូបពិតជាអន្ទះសារចង់ជួបគូប្រជែងដ៏ខ្លាំងមួយនេះ និងចង់បាន ៣ពិន្ទុតែម្ដង ។
ចំណែកខ្សែការពារជម្រើសជាតិកម្ពុជា សេត រ៉ស៊ីប មើលឃើញថា ទោះណាហ្គាវើលដ៍មានកីឡាករចាស់ៗច្រើន តែនៅមានគុណភាព និងបទពិសោធ ដូច្នេះមិនអាចប្រហែសបានឡើយ ព្រោះអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ។
ជាមួយគ្នានេះលោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍យល់ឃើញថា ជំនួបជាមួយក្រុមជើងឯក MCL ៣ សម័យពិតជាសំខាន់ខ្លាំង ព្រោះត្រូវការ ៣ពិន្ទុដូចគ្នា ដូច្នេះលោកសង្ឃឹមនឹងមានអ្នកចូលរួមទស្សនាច្រើន។ ដោយសារតែជាក្រុមប្រកបដោយសក្ដានុពលផងនោះ លោកគិតថា កាប្រកួតនេះនឹងល្អមើលមិនខាន ។
គ្រូបង្វឹកកាន់ A-License ខាងលើបញ្ជាក់ថា កូនក្រុមរបស់លោកត្រៀមខ្លួនរួចរាល់អស់ហើយ មិនមានអ្វីជាកង្វល់ទេ។
ពាក់ព័ន្ធទៅនឹងការប្រកួតនេះដែរ ប្រធានក្រុមណាហ្គាវើលដ៍ គួច សុកុម្ភៈ មើលឃើញបឹងកេតសម្បូរដោយកីឡាករល្អៗច្រើនដូចជា ម៉ាត់ នូរុណ, ចាន់ វឌ្ឍនាកា, សៀង ចន្ធា ជាដើម ដែលសុទ្ធតែមានល្បឿនលឿន និងបច្ចេកទេសល្អ។ ដូច្នេះខ្សែបម្រើរូបនេះគិតថា វានឹងលំបាកសម្រាប់ក្រុមរបស់គេ ។
សូមបញ្ជាក់ផងដែរថា ជំនួបរវាងក្រុមខ្លាំងបឹងកេត និងណាហ្គាវើលដ៍ ប្រព្រឹត្តទៅនៅកីឡដ្ឋាន Cambodia Airways នាថ្ងៃសៅរ៍ ទី២៩ កុម្ភៈ វេលាម៉ោង ៣និង៣០នាទីរសៀលនេះ ៕
ដោយ៖ តារា