
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹប US Pianese នៅក្របខណ្ឌលីគលំដាប់ទី៣ អ៊ីតាលី (Seria C) ក្រៅពីកីឡាករ ៣ នាក់ មន្ត្រីរបស់ក្លឹបម្នាក់ ក៏មានឆ្លងមេរោគ Covid-19 ផងដែរ ។
សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា៖ “ពេលនេះ អ្នកដែលឆ្លងមាន ៤នាក់ ដោយ ៣នាក់ជាកីឡាករ និងម្នាក់គឺជាក្រុមមន្ត្រីរបស់ក្លឹប។ អ្នកឆ្លងដំបូង គឺជាកីឡាករវ័យក្មេង ដែលចាប់ផ្តើមឡើងកម្តៅខ្លួន ហើយឈឺក្បាល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពេលក្រុមទៅលេងក្រៅទឹកដីជាមួយ Alessandria ក្នុងក្របខណ្ឌ Championship ។ កីឡាករទី ២ ដែលសង្ស័យ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងផ្ទះរបស់គាត់ ខណៈដែលមិនមានចេញសញ្ញាអ្វីទេ ហើយកីឡាករទី៣ គឺមានអាការៈក្តៅខ្លួន ។ ចំណែកអ្នកទី៤ គឺបានធ្វើតេស្តចេញសញ្ញាវិជ្ជមាន បន្ទាប់ពីគេបានបង្ហាញអាការៈគ្រុនក្តៅខ្លាំងពេលមួយយប់។ គេត្រូវបានបញ្ចូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Siena ។ នៅពេលនេះ គ្រប់កីឡាករ បុគ្គលិកបច្ចេកទេស និងអ្នកចាត់ការទូទៅទាំងអស់ ដែលមានវត្តមាន អំឡុងពេលចេញទៅប្រកួតកាលពីសប្តាហ៍មុននោះ ត្រូវតែនៅដាច់ដោយឡែកពីគេរយៈពេល ១៥ថ្ងៃ ” ។
គួរជម្រាបជូនថា អ៊ីតាលី គឺជាប្រទេសមួយនៅទ្វីបអឺរ៉ុបមានការផ្ទុះឡើងជាខ្លាំងនូវករណីជម្ងឺឆ្លង Covid-19 ដោយការឆ្លងមានការកើនឡើងរាល់ថ្ងៃ រហូតដល់ជិត ១ពាន់នាក់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ ។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរអ៊ីតាលី បានប្រកាសឲ្យផ្អាករាល់ការប្រមូលផ្តុំនានា ហើយក៏បានផ្អាកផងដែរ ដល់ការប្រកួតបាល់ទាត់គ្រប់លីគទាំងអស់នៅអ៊ីតាលី ឬ បើមិនអីញ្ចឹងទេ ឲ្យប្រកួតតែក្នុងលក្ខខណ្ឌបិទទ្វារមិនឲ្យអ្នកគាំទ្រចូលទស្សនា ៕
ដោយ៖ តារា