
លោក Jose Mourinho មានអារម្មណ៍ថា Tottenham Hotspur ពិតជាធ្វើបានល្អណាស់ ខណៈដែលពួកគេបានរងបរាជ័យជាលើកទី ៣ ជាប់ៗគ្នាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែលោកបាននិយាយថាការចាញ់ ៣-២ ក្រោមថ្វីជើងក្រុម Wolves គឺ អយុត្តិធម៌បំផុតរបស់ក្រុមលោក ។
Spurs បានបរាជ័យ ២ដងជាប់ៗគ្នារួចមកហើយក្រោមថ្វីជើង Chelsea និង RB Leipzig មុនពេលពួកគេបន្តបរាជ័យមួយផ្សេងទៀតនៅក្នុងផ្ទះរបស់ខ្លួនកាលពីយប់មិញនេះ ដោយធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមមាន់ខ្នាយមាសក្នុងការប្រជែងដណ្តើមកៅអីទៅលេងនៅក្របខ័ណ្ឌ UEFA Champions League នារដូវកាលក្រោយ កាន់ឃ្លាតឆ្ងាយ ។
២គ្រាប់របស់ Spurs ធ្វើសម្រេចតាមរយៈកីឡាករ Steven Bergwijn និង Serge Aurier ប៉ុន្តែ Matt Doherty, Diogo Jota និង Raul Jimenez បានជួយឱ្យក្រុម Wolves ហក់ឡើងទៅឈរលើ Spurs ក្នុងលេខទី៦ នៃតារាងក្របខណ្ឌ Premier League ។ ខណះលោក Mourinho យល់ថា លទ្ធផលបរាជ័យរបស់ក្រុមលោកមិនមែនជាការឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវនៃការប្រកួតនោះទេ ។
គ្រូបង្វឹកព័ទុយហ្កាល់រូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំមិនគិតថាវាជាលទ្ធផលត្រឹមត្រូវនោះទេ ។ ក្រុមទាំងពីរកំពុងតែស្វែងរកជ័យជម្នះជាមួយនឹងស្ទីលផ្សេងៗគ្នា ។ យើងបានព្យាយាមរកដំណោះស្រាយផ្សេងៗគ្នា ។ វាដំណើរការតាមរបៀបមួយពីព្រោះយើងរកបានពីរគ្រាប់ ។ ខ្ញុំគិតថាវាអយុត្តិធម៌សម្រាប់លទ្ធផលនេះ ហើយវាអយុត្តិធម៌ណាស់ ” ៕
ដោយ៖ តារា