
ខ្សែប្រយុទ្ធជប៉ុន Shinji Okazaki អាចនឹងខកខានការប្រកួត FIFA World Cup ២០១៨ ដោយមានបញ្ហារបួសកំភួនជើងដែលបានរារាំងគាត់មិនឲ្យធ្វើការហ្វឹកហាត់ជាមួយក្រុម ។
Shinji Okazaki នៅជប៉ុន
Okazaki បានរងនូវការខកចិត្តក្នុងអំឡុងពេលជ័យជម្នះមិត្តភាពរបស់ក្រុមជម្រើសជាតិជប៉ុន ៤-២ លើក្រុម ប៉ារ៉ាហ្គាយ កាលពីថ្ងៃទី ១២ ខែ មិថុនា ដែលធ្វើឲ្យរូបគេរងរបួសនៅក្នុងនាទីទី ៧៤ ។ គាត់បានហ្វឹកហាត់ដាច់ដោយឡែកពីមិត្តរួមក្រុមរបស់គាត់ ចាប់តាំងពីក្រុមនេះបានទៅដល់ជំរុំមូលដ្ឋានរបស់ពួកគេនៅ Kazan ។ លោក Akira Nishino គ្រូបង្វឹករបស់ជប៉ុនបាននិយាយបន្ទាប់ពីការហ្វឹកហាត់កាលពីថ្ងៃទី ១៥ ថា៖ “ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់អំពី Okazaki “។
លោក Akira Nishino
យោងតាម Sports Hochi បានឲ្យដឹងថា Okazaki អាចនឹងត្រូវជំនួសដោយកីឡាករ Takuma Asano ដែលបានចំណាយពេលពីររដូវកាលនៅក្លិប Stuttgart ដែលបានខ្ចីជើងពីក្លិប Arsenal ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកបម្រុងពីររូបដែលត្រូវបានតែងតាំងដោយសមាគមបាល់ទាត់ជប៉ុន (JFA) រួមជាមួយខ្សែបម្រើកណ្តាល Yosuke Ideguchi ។
កីឡាករ Takuma Asano
ខណៈពេលដែលការស៊ុតបញ្ចូលទីចំនួន ៥០ គ្រាប់របស់កីឡាករ Okazaki ក្នុងការបង្ហាញខ្លួន ១១៣ ដង បានធ្វើឱ្យគាត់ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី ៣ របស់ជប៉ុន ។ ទម្រង់លេងរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរកបានត្រឹមតែពីរគ្រាប់កាលពីឆ្នាំ ២០១៦ និង តែមួយគ្រាប់ប៉ុណ្ណោះកាលពីឆ្នាំមុន ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ៣២ ឆ្នាំរូបនេះ មានការគាំទ្រដោយលោក Nishino ដែលបាននិយាយថា៖ ” មិនមានការជំនួសតួនាទីរបស់ Okazaki នោះទេ ” ។
Shinji Okazaki នៅ Leicester City
JFA មានរយះពេល ២៤ ម៉ោង មុនពេលការប្រកួតនៃពូល H ចាប់ផ្តើមនៅពេល ជប៉ុន នឹងត្រូវប៉ះ កូឡុំប៊ី នៅថ្ងៃ អង្គារ ទី ១៩ ដើម្បីដាក់សំណើបែបបទទៅកាន់ FIFA ៕
ដោយ៖តារា