
បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ (Xinhua) នាព្រឹកថ្ងៃអង្គារ៍ ទី៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានចេញមកបញ្ជាក់របាយការណ៍ប្រចាំថ្ងៃ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជម្ងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៩៩៣ នាក់ និងអ្នកដែលបានឆ្លងជម្ងឺនេះសរុបកើនដល់ ៨០,១៥១ ករណី ។
នៅក្នុងរយៈពេលពេញមួយថ្ងៃច័ន្ទ ទី២ ខែមីនាម្សិលមិញនេះ ចំនួនមនុស្សសុរប ១២៥ នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៣១ នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ៕
ដោយ៖ រ៉ាយូ