
អ្នកចាំទី Claudio Bravo កំពុងពិចារណាផ្លាស់ទៅក្លឹប New York City នារដូវក្ដៅខាងមុខនេះ ដោយសារកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ជាមួយ Manchester City នៅចុងបញ្ចប់រដូវកាលនេះ ។
អ្នកចាំទីចាស់វស្សាវ័យ ៣៦ ឆ្នាំដែលជាវីរបុរសជួយឱ្យក្រុមមេឃខៀវ Manchester City លើកពានរង្វាន់ Carabao Cup ជាមួយនឹងការជួយសង្គ្រោះគ្រាប់បាល់ជាច្រើនក្នុងជ័យជម្នះ ២-១ លើក្រុម Aston Villa គឺស្ថិតនៅក្នុងរយៈពេល ៣ ខែចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ។ បច្ចុប្បន្នមិនមានសញ្ញាណាមួយដែលបញ្ជាក់ថា កីឡាករអន្តរជាតិឈីលីរូបនេះត្រូវបានផ្តល់ជូននូវកិច្ចព្រមព្រៀងថ្មីដោយម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League នោះទេ ។
សូមរម្លឹកជូនថា Claudio Bravo បានផ្លាស់មករួមរស់ជាមួយក្រុមរបស់លោក Pep Guardiola កាលពីឆ្នាំ២០១៦ ពីក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងតម្លៃផ្ទេរ ១៧លានផោន ប៉ុន្តែហាក់ដូចជាមិនសូវបានបង្ហាញខ្លួនជាកីឡាករដៃទី១ របស់ Manchester City ក្នុងពានរង្វាន់កំពូលៗប៉ុន្មាននោះទេ ទើបធ្វើឱ្យ Bravo ពិចារណាផ្លាស់ទៅកាន់ក្របខណ្ឌ MLS របស់សហរដ្ឋអាមេរិកនារដូវកាលក្រោយ ៕
ដោយ៖ តារា