ជប៉ុន នៅតែជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពលរបស់កម្ពុជា

81148
  • ថ្លែងក្នុង​ជំនួប​សម្តែងការគួរសម​របស់​​​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកប ដោយសក្កានុពលសម្រាប់ការអភិវឌ្ឍ​កម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ ។

    បើតាមការផ្សាយរបស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងរឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជាទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ។
    ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន និងបានគូសបញ្ជាក់អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
    ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែង និងសហការជិតស្និទ្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងក្រសួង ស្ថាប័ន ទីភ្នាក់ងារ JICA និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរនៅចក្រព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន (កម្ពុជា-ថៃ) និងច្រកព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ (កម្ពុជា-វៀតណាម) ក្នុងរយៈពេលបីខែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ ។

    ដោយឡែក ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រកបដោយការរីកចម្រើន និងកាន់តែជិតស្និទ្ធរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និង​បានថ្លែងការកោតសរសើរចំពោះសកម្មភាព និងកាយវិការមនុស្សធម៌ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាចំពោះការទទួលស្វាគមន៍នាវាទេសចរណ៍ Wester dam ដែលត្រូវបានបណ្ដាប្រទេសជាច្រើនបដិសេធមិនឱ្យចូលចតដោយភ័យខ្លាចពីការឆ្លងមេរោគ COVID-19 ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី