
ប្រទេសកម្ពុជាកំពុងខិតខំព្យាយាមបង្កើនថាមពលអគ្គីសនី ដើម្បីបម្រើសេចក្តីត្រូវការ តាមរយៈថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ដែលគេដឹងថា ជាថាមពលមិនចេះរីងស្ងួត។
ការខិតខំប្រឹងប្រែងនេះត្រូវបានគេដឹងតាមរយៈគម្រោងមួយចំនួន ដែលកំពុងតែដំណើរការ និងកំពុងសិក្សា ខណៈដែលអ្នកជំនាញនៅពេលនេះកំពុងតែខិតខំបង្កើនការស្រូបទាញថាមពលពីពន្លឺព្រះអាទិត្យ ដែលមានកម្លាំងប្រមាណជា ៤១០ មេហ្កាវ៉ាត់ តាមផែនការធ្វើពិពិធកម្មប្រភពថាមពល ដោយផ្តោតលើថាមពលបៃតង។
យោងតាមរបាយការណ៍ដែលទទួលបានពីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គម្រោងការទាញយកថាមពលពីពន្លឺព្រះអាទិត្យនេះ បានចាប់ផ្តើមតាំងពីគម្រោងមួយដែលមានថាមពលត្រឹមតែ ១០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៨ ហើយឥឡូវនេះ សមត្ថភាពផលិតបានកើនឡើងដល់ ៩០មេហ្កាវ៉ាត់ ។
ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា គម្រោងកែច្នៃថាមពលពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីនេះ គឺចំនួន០៧ ផ្សេងទៀតត្រូវបានអនុម័តហើយរហូតដល់ឆ្នាំ២០២២ ដោយសមត្ថភាពបន្ថែមនឹងមានសរុបរហូតដល់ទៅ ៤១០មេហ្គាវ៉ាត់ ហើយប្រសិនបើគេប្រៀបធៀបជាមួយនឹងថាមពលអគ្គិសនីដែលមានកាលពីឆ្នាំទៅ ពោលគឺឆ្នាំ២០១៩ ដែលមានចំនួន ២.៦៥០មេហ្កាវ៉ាត់ ប្រភពថាមពលពីពន្លឺព្រះអាទិត្យ គឺអាចនឹងមានបរិមាណជិត ២០ភាគរយ។
ឯកឧត្តម វិចទ័រ ហ្សូណា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល បានមានប្រសាសន៍ថា ការស្រូបទាញថាមពលពន្លឺព្រះអាទិត្យមកធ្វើជាថាមពលអគ្គិសនី ត្រូវបានអនុម័តចាប់តាំងពីរាជរដ្ឋាភិបាលព្យាយាមបំពេញតម្រូវការថាមពលសម្រាប់ប្រជាជន និងការអភិវឌ្ឍថ្មីៗ បន្ថែមទៅលើគម្រោងផែនការដែលមានដូចជា ទំនប់វារីអគ្គីសនី រោងចក្រថាមពលដើរដោយធ្យួងថ្ម។
គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន០៧ ដែលកំពុងត្រូវបានសាងសង់ និងអនុម័ត គឺកំពុងតែអភិវឌ្ឍនៅខេត្តកំពង់ឆ្នាំង បាត់ដំបង ស្វាយរៀង ពោធិ៍សាត់ និងបន្ទាយមានជ័យ ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) ធ្លាប់បានអះអាងថា រាជរដ្ឋាភិបាលកំពុងផ្តោតលើថាមពលពន្លឺព្រះអាទិត្យ ពីព្រោះវាមានតម្លៃថោក ហើយមានផលប៉ះពាល់តិចតួចដល់បរិស្ថាន។
ឯកឧត្តមបានបន្តថា៖ “យើងកំពុងផ្តល់អាទិភាពលើថាមពលពន្លឺព្រះអាទិត្យ ពីព្រោះវាល្អសម្រាប់បរិស្ថាន។ យើងចង់បញ្ចូលថាមពលបៃតងទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ គោលបំណងក៏ដើម្បីធ្វើពិពិធកម្មប្រភពថាមពលផងដែរ ” ៕
ដោយ៖ ស្រស់