សោកស្ដាយ! ខ្សែប្រយុទ្ធលេខ១០ ដ៏លេចធ្លោរបស់បឹងកេត ម៉ាត់ នូរុណ នឹងត្រូវអវត្តមានចំនួន ២ ប្រកួត

102497
  • ក្នុងការប្រកួតសប្តាហ៍ទី ៣ នៃលីគកំពូលកម្ពុជា រវាងក្លិបបឹងកេត ទល់នឹងណាហ្គាវើលដ៍ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េ កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅ កីឡាករ ម៉ាត់ នូរុណ បានទទួលរងរបួសបន្ទាប់ពីប៉ះទង្គិចជាមួយគូប្រកួត ជាហេតុបណ្តាលឱ្យរូបគេត្រូវប្តូរចេញភ្លាម ។

    ក្រោយការតាមដានអាការៈជំងឺ ពីក្រុមគ្រូពេទ្យប្រចាំក្លិបបានធ្វើការពិនិត្យឃើញថា នូរុណ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ដោយ គ្រាន់តែឈឺសន្លាក់ ជង្គង់ ឆ្វេងរបស់ខ្លួន ដែលបានប៉ះទង្គិចប៉ុណ្ណោះ ហើយនឹងជាសះស្បើយវិញក្នុងរយៈពេល ២សប្តាហ៍ទៀត។
    បច្ចុប្បន្ន នូរុណ បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ បើទោះបីមិនទាន់អាចហាត់ខ្លាំងជាមួយក្រុម ។ ចំពោះស្ថានភាពរបួសរបស់ខ្លួន កីឡាករវ័យ ២២ឆ្នាំរូបនេះនិយាយថា៖ “ ខ្ញុំសោកស្តាយដែលមិនអាចជួយក្រុមដណ្តើមជ័យជម្នះក្នុងប្រកួតទល់នឹងណាហ្គាវើលដ៍ ដោយសាររបួស តែរបួសខ្ញុំមិនធ្ងន់ធ្ងរខ្លាំងទេ ឥលូវនេះខ្ញុំអាចចូលហាត់តិចៗវិញបានធម្មតាហើយ តាមការណែនាំពីក្រុមគ្រូពេទ្យ ហើយការប្រកួតនៅសល់វែងឆ្ងាយទៀត ខ្ញុំនឹងព្យាយាមដើម្បីជួយក្រុមក្នុងការប្រជែងពានរង្វាន់នានា ក្នុងឆ្នាំនេះ ” ។

    សូមបញ្ជាក់ឱ្យដឹងថា ខ្សែប្រយុទ្ធលេខ១០ កំពុងលេចធ្លោ ម៉ាត់ នូរុណ បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ក្នុង ៣ ប្រកួតកន្លងមកឱ្យបឹងកេត និងរកគ្រាប់បាល់ បាន ១គ្រាប់ក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១ កន្លងទៅ ៕

    ដោយ៖​តារា  រូបភាព៖ Boeung Ket

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី