
នាយកប្រតិបត្តិរបស់ក្លឹប Borrusia Dortmund លោក Hans-Joachim Watzke បាននិយាយថា Jadon Sancho នឹងគ្មានគំនិតចង់ចាកចេញពី Dortmund នោះទេ បើទោះបីជាមានដំណឹងថា គេកំពុងត្រូវបានក្លឹបនៅ Premier League ជាច្រើនទាក់ទង និងនាំទៅកាន់អង់គ្លេសវិញក៏ដោយ ។
នាយកប្រតិបត្តិរូបនេះបានប្រាប់ BBC ថា៖ “ខ្ញុំគិតថា គាត់ (Jadon Sancho) មានអារម្មណ៍ដឹងថា ក្លឹបនឹងមានអនាគតល្អ ។ តាមគំនិតរបស់ខ្ញុំ ខ្ញុំគិតថា គាត់គ្មានចង់ចេញទៅណាទេ ” ។
ប៉ុន្តែជាមួយគ្នា លោក Watzke បានបញ្ជាក់ដែរថា លោកក៏មិនសូវជាច្បាស់ពីអ្វីដែលនឹងអាចកើតឡើងដែរ ។ លោក Watzke បានអះអាងថា លោកនឹងពិភាក្សាជាមួយ Sancho និងភ្នាក់ងាររបស់គេដោយផ្ទាល់ ។ តាមលោក Watzke លុយកាក់ នឹងមិនមែនជាសំនួរទេ ប៉ុន្តែគឺជាតួនាទីរបស់ Sancho នៅ Borrusia Dortmund ។ តាមលោកនាយកប្រតិបត្តិក្លឹបរូបនេះ គឺ Dortmund តែងតែបានផ្តល់តម្លៃដល់ Sancho ជានិច្ច ។
សូមជម្រាបជូនថា កីឡាករអង់គ្លេសវ័យ ១៩ឆ្នាំ Jadon Sancho បានស៊ុតបញ្ចូនទីចំនួន ១៤គ្រាប់ និងជួយ Assists បាន ១៤គ្រាប់នៅរដូវកាលនេះ ដែលជាការបន្តបញ្ចេញសមត្ថភាពតពីរដូវកាលមុន ដែលធ្វើឲ្យក្លឹបធំៗជាច្រើនដូចជា Manchester United និង Chelsea ជាដើម មានដំណឹងចចាមអារ៉ាមថា កំពុងទាក់ទងទិញគេពី Dortmund ក្នុងតម្លៃដល់ទៅជាង ១០០លានផោន ៕
ដោយ៖ តារា