
មានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថាក្លឹប Barcelona ចាប់អារម្មណ៍ចង់បាន Willian នៅរដូវក្ដៅ ពេលដែលកីឡាកររូបនេះអាចផ្ដូរក្លឹបដោយមិនអស់តម្លៃផ្ទេរ ។
យ៉ាងណាមិញ យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញឈ្មោះ Mundo Deportivo ក្លឹបយក្សកាតាឡង់បានសម្រេចចិត្តមិនចុះហត្ថលេខាលើ Willian វិញ ដើម្បីផ្ដោតការចាប់អារម្មណ៍ទាំងអស់ទៅលើអតីតខ្សែប្រយុទ្ធរបស់ខ្លួន គឺ Neymar ។ នេះអាចជាដំណឹងល្អសម្រាប់អ្នកចាត់ការ Lampard ដែលតែងតែនិយាយម្ដងហើយម្ដងទៀតថា លោកចង់ទុក Willian ឱ្យលេងនៅទឹកដី Stamford Bridge បន្តទៀត ។
គួរម្លឹកថា Willian បានប្ដូរមកលេងនៅក្លឹប Chelsea តាំងពីរដូវក្ដៅឆ្នាំ២០១៣ ពីក្លឹបរុស្ស៊ីឈ្មោះ Anzhi Makhachkala ក្នុងតម្លៃផ្ទេរ ៣៥,៥លានអឺរ៉ូ ។ ហើយចាប់តាំងពីពេលនោះមក កីឡាករដែលមានវ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួនចូលលេង ៣២៧ប្រកួត ដោយរកបានគ្រាប់បាល់ ៥៧គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមបាន ៥៨ លើក ៕
ដោយ៖ តារា