
នាយកដ្ឋានអប់រំកាយកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ដោយកំណត់យក ១២ប្រភេទកីឡា និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រកួតកីឡាសាកលវិទ្យាល័យជាលើកដំបូងនៅឆ្នាំ២០២០នេះ គ្រោងចាប់ផ្តើមការប្រកួតពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពី ៣០គ្រឹះស្ថានឧត្តមសិក្សា ។ ក្នុងចំណោម ១២ប្រភេទកីឡានេះ មាន ៩៥វិញ្ញាសា ដូចជាកីឡាបាល់ទាត់បុរសនារី, បាល់ទះ, បាល់បោះ, កីឡាប៉េតង់, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, ការ៉ាតេ, តេក្វាន់ដូ I.T.F, តេក្វាន់ដូ WT, ហែលទឹក និងសីដក់ ដោយប្រើប្រាស់ទីលានប្រកួតចំនួន៥ គឺពហុកីឡដ្ឋានជាតិអូឡាំពិក, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យច្បារអំពៅ ។
ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា ការកែទម្រង់ស៊ីជម្រៅពីមកប្រកួតជាទម្រង់ហ្គេម ឬពហុកីឡាថ្នាក់ជាតិនេះ គឺជាគោលដៅរបស់ក្រសួងអប់រំយុវជន និងកីឡា ពីឆ្នាំ២០២០ នេះតទៅ ដើម្បីស្វែងរកគុណផលកីឡាកម្រិតខ្ពស់ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា ជាគោលដៅ ក្រសួងអប់រំយុវជន និងកីឡា ចាប់ពីឆ្នាំ២០២០ នេះតទៅ គ្រប់ការប្រកួតកម្រិតសិស្ស-និស្សិតនឹងក្លាយទៅជាការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំឱ្យមានទម្រង់ជាលក្ខណៈហ្គេម ឬហៅថាទម្រង់ពហុកីឡា ដើម្បីស្វែងយកពីបទពិសោធន៍ឱ្យកាន់តែល្អប្រសើរ ក្នុងការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ សំណាង