
លោក Maurizio Sarri បាននិយាយថាគ្មាននរណាម្នាក់នៅលើពិភពលោកដែលអាចជំនួស Cristiano Ronaldo បាននោះទេ ដោយតារាឆ្នើមរបស់ Juventus រូបនេះបានហោះត្រឡប់ទៅផ្ទះនៅឯស្រុកកំណើតវិញ បន្ទាប់ពីម្តាយរបស់គាត់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ។
អ្នកស្រី Dolores Aveiro អាយុ ៦៥ ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Madeira ភ្លាមៗបន្ទាប់ពីទទួលរងការសង្ស័យថា មានជម្ងឺដាច់សរសៃឈាមខួរក្បាលកាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ ។ ឥឡូវនេះម្ដាយ Ronaldo ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពដឹងខ្លួននិងមានស្ថេរភាពនៅឡើយទេ ប៉ុន្តែអ្នកស្ត្រីនឹងត្រូវបានរក្សាទុកនៅក្រោមការឃ្លាំមើលនៅឯមន្ទីរពេទ្យ Dr Nelio Mendonca ។
រឿងនេះបានធ្វើឱ្យកូនប្រុសសំណព្វចិត្ត Cristiano Ronaldo សម្រេចចិត្តហោះត្រឡប់ទៅកាន់ប្រទេសកំណើតព័រទុយហ្កាល់វិញភ្លាមៗតាមយន្ដហោះឯកជនមួយរបស់ខ្លួន ដែលត្រូវបានអនុញ្ញាតដោយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A សេះបង្កង់ Juventus ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីខ្សែប្រយុទ្ធចាស់វស្សាវ័យ ៣៥ឆ្នាំរូបនេះអាចនឹងត្រូវខកខានការប្រកួតមួយចំនួនរបស់ក្លឹប ខណះគ្រូបង្វឹកលោក Sarri បាននិយាយថា ប្រសិនបើគ្មាន Ronaldo ក្នុងក្រុម នោះគ្មាននរណាអាចមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធរូបនេះបាននោះឡើយ ។
លោក Sarri បានប្រាប់សន្និសីទសារព័ត៌មានថា៖ “ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេវាជាបញ្ហាផ្ទាល់ខ្លួនដូច្នេះគាត់នឹងពិភាក្សាវានៅពេលគាត់ត្រឡប់មកវិញ ។ ការវិលត្រឡប់របស់គាត់នឹងអាស្រ័យលើស្ថានភាពដែលវិវឌ្ឍន៍ ។ វាច្បាស់ណាស់ថាយុទ្ធសាស្ត្រនិងផែនការផ្លាស់ប្តូរអាស្រ័យលើថាតើ Ronaldo មានឬអត់ ។ មិនមានអ្នកជំនួសគាត់នៅលើពិភពលោកទេ ដូច្នេះយើងនឹងធ្វើអ្វីប្លែកពីគេនៅពេលអវត្តមានរបស់គាត់ ” ៕
ដោយ៖ តារា