
ស្របពេលដែលជាង ៦០ប្រទេស មានការរាលដាលជំងឺ Covid-19 ក្រុមធនាគារពិភពលោកកំពុងដាក់ចេញកញ្ចប់ហិរញ្ញប្បទានជំហានដំបូងមួយដែលមានទឹកប្រាក់ ១២ប៊ីលានដុល្លារអាមេរិក សម្រាប់ជាវិធានការបន្ទាន់ ដើម្បីជួយដល់បណ្តាប្រទេសនានា ក្នុងការលៃលកជាមួយផលប៉ះទង្គិចផ្នែកសុខាភិបាល និងសេដ្ឋកិច្ច ។ កញ្ចប់ហិរញ្ញប្បទាននេះមានគោលដៅជួយប្រទេសសមាជិកឲ្យមានលទ្ធភាពចាត់វិធានការមានប្រសិទ្ធភាព តាមភាពជាក់ស្តែង ក្នុងការឆ្លើយតប ក៏ដូចជាក្នុងការកាត់បន្ថយផលប៉ះទង្គិចធ្ងន់ធ្ងរដែលបង្កដោយជំងឺ Covid-19 ។ នេះបើតាមការឲ្យដឹងរបស់ធនាគារពិភពលោកនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ។
លោក ដេវិដ ម៉ាលប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា៖ “ពេលនេះយើងកំពុងតែខិតខំធ្វើការឆ្លើយតបឲ្យបានរហ័សរហួន និងដោយភាពបត់បែន ដោយផ្អែកលើតម្រូវការនៅតាមប្រទេស ក្នុងការលៃលកជាមួយការសាយភាពរបស់ជំងឺ Covid-19 ។ ក្នុងន័យនេះ យើងមានវិធានការធ្វើហិរញ្ញប្បទានបន្ទាន់, ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដោយប្រើប្រាស់ឧបករណ៍ និងជំនាញឯកទេសដែលធនាគារពិភពលោកមានស្រាប់ ដើម្បីជួយប្រទេសនានាក្នុងការឆ្លើយតបទៅនឹងវិបត្តិមួយនេះ” ។ លោកបន្តថា កញ្ចប់ហិរញ្ញប្បទាននេះនឹងផ្តល់ជំនួយឥតសំណង និងឥណទានមានការប្រាក់ទាប ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដល់ប្រទេសមានចំណូលទាប និងឥណទានពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ សម្រាប់ប្រទេសមានចំណូលមធ្យម ដោយប្រើប្រាស់ឧបករណ៍ប្រតិបត្តិការរបស់ធនាគារលើមូលដ្ឋានពន្លឿនការអនុម័តលើការផ្តល់ហិរញ្ញប្បទាន ។
បើតាមការបញ្ជាក់របស់ក្រុមធនាគារពិភពលោក តាមរយៈកញ្ចប់វិធានការពន្លឿនហិរញ្ញប្បទាននេះ នឹងជួយបណ្តាប្រទេសពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន ក្នុងនោះមានលទ្ធភាពកាន់តែប្រសើរក្នុងការទទួលបានសេវាសុខាភិបាល ដើម្បីការពារប្រជាជនពីការរាលដាលនៃជំងឺនេះ ពង្រឹងការអង្កេតតាមដានជំងឺ បង្កើនកិច្ចអន្តរាគមន៍សុខាភិបាលសាធារណៈ និងសហការជាមួយវិស័យឯកជន ដើម្បីឈានទៅកាត់បន្ថយផលប៉ះអង្គិចរបស់ជំងឺនេះទៅលើសេដ្ឋកិច្ច។
កញ្ចប់ហិរញ្ញប្បទាននេះ អាចដកយកទៅប្រើប្រាស់បាន តាមរយៈយន្តការសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA), ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្រោមកិច្ចសម្របសម្រួលគ្នាក្នុងកម្រិតសកល ដើម្បីជួយអន្តរគមន៍ដល់ការឆ្លើយតបនៅតាមប្រទេសនានា ៕
ដោយ៖ រ៉ាយូ