
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការរបស់កម្ពុជានាពេលកន្លងទៅ ចាប់ពីពេលផ្ដើមផ្ទុះជំងឺកូរ៉ូណា ឬកូវីដ -១៩នេះ ដែលរហូតដល់ពេលនេះ និងរហូតដល់បញ្ចប់នៃជំងឺកូវីដ-១៩គឺការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សម្ដេចតេជោបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ ដោយសារតែយើងបានធ្វើការបែងចែកមុខងារវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើទោះបីជាត្រូវកាត់កងពីវិស័យដទៃ ហើយមកប៉ះប៉ូវដល់ការចំណាយលើវិស័យសុខាភិបាលយើងក៏ត្រូវតែធ្វើចៀសមិនបានទេ ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានប្រកាសផងដែរថា ចំពោះគម្រោងវិនិយោគផ្ទាល់របស់យើងមិនទាន់បានបើកការដ្ឋាន ត្រូវផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋានដែលផ្ដល់ហិរញ្ញប្បទានដោយបរទេស និងមានថវិកាបដិភាគរបស់កម្ពុជា។ ប៉ុន្ដែកម្មវិធីមួយចំនួនដែលមិនទាន់បើកការដ្ឋាន ត្រូវផ្អាកសិន រង់ចាំរហូតដល់ឆ្នាំក្រោយ ក៏មិនទាន់យឺតពេលដែរ ដើម្បីធ្វើយ៉ាងណាឱ្យកូវីដ-១៩នេះ មានភាពស្ងប់ស្ងាត់សិន ។
សម្ដេតេជោបានបញ្ជាក់បន្ថែមថា៖ “ខ្ញុំសូមបញ្ជាក់ពីបញ្ហានេះ ដើម្បីឱ្យយើងទាំងអស់គ្នាស្រុះចិត្ដស្រុះកាយជាមួយគ្នា កុំឱ្យអ្នកខ្លះញែកថវិកាត្រូវចំណាយអានេះក៏វាចាំបាច់ ឡានក៏វាចាំបាច់ អាត្រាក់ទ័រក៏វាចាំបាច់ ក្នុងពេលដែលថ្នាំពេទ្យសោះដែលវាចាំបាច់” ៕
ដោយ៖ សំណាង