
យោងតាមភ្នាក់ងាររបស់កីឡាករ Mario Balotelli លោក Mino Raiola បានអោយដឹងថាខ្សែប្រយុទ្ធ Balotelli អាចនឹងលេងបានល្អនៅក្លឹប Marseille ។
តាមរបាយការណ៍បានដឹងថាកីឡាករសញ្ជាតិអ៊ីតាលីរូបនេះអាចនឹងផ្ទេរចេញក្លឹប Nice ទៅកាន់ទីក្រុង Marseille ក្នុងតម្លៃខ្លួន ១០ លានអឺរ៉ូ ខណះកុងត្រារបស់គាត់នៅសល់រយៈពេល ២ ឆ្នាំនៅលើកីឡាដ្ឋាន Allianz Riviera ។ Balotelli បានស៊ុតបញ្ចូលទី ៣៣ គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងការបង្ហាញខ្លួន ៥១ ប្រកួតឱ្យក្រុម Les Aiglons ( Nice ) ប៉ុន្តែក្លឹប Nice បានទទួលរងការខកចិត្តក្រោយពីបញ្ចប់រដូវកាលត្រឹមចំណាត់ថ្នាក់លេខទី ៨ ក្នុងរដូវកាល ២០១៧-១៨ ។
ខណៈដែរក្លឹប Marseille បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ និងបានឈានដល់វគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Europa League ក្រោមការដឹកនាំរបស់គ្រូបង្វឹក Rudi Garcia ថែមទៀតផង ។
ភ្នាក់ងាររបស់ Balotelli បាននិយាយថា៖ “យើងមានទំនាក់ទំនងល្អជាមួយ Marseille ខ្ញុំស្គាល់នាយកបានយ៉ាងច្បាស់ ។ Mario គឺជាកីឡាករដែលប្រើអារម្មណ៍ គាត់តែងតែផ្តល់ ១០០% ។ គាត់អាចរៀបចំបានយ៉ាងល្អជាមួយនឹងចិត្តគំនិតរបស់គាត់ជាមួយ Marseillais ហើយនោះប្រាកដណាស់ “៕
ដោយ៖តារា