
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រសួងចំនួន៣ នោះរួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលត្រូវកាត់បន្ថយចំណាយរហូតដល់ ២៥ភាគរយ ខណះគ្រប់ស្ថាប័នទាំងអស់នឹងត្រូវកាត់បន្ថយការចំណាយ ៥០ភាគរយ ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ “នេះជម្រាបឱ្យបានជ្រាប ដើម្បីឱ្យឯកឧត្ដម លោកជំទាវ លោក លោកស្រីបានជ្រាបថា សុំកុំបង្កើនការចំណាយអ្វីទាំងអស់ មិនត្រឹមតែមិនឱ្យការចំណាយទេ កាត់បន្ថយការចំណាយតែម្ដង”។ សម្ដេចតេជោបានលើកឡើងថា មានតែចំណាយទៅលើបៀវត្សរ៍មន្រ្ដីរាជការតែប៉ុណ្ណោះដែលមិនមានការកាត់បន្ថយនោះទេ ទាក់ទងនឹងការចំណាយចរន្ដ ដែលក្នុង១ខែៗយើង ត្រូវចាយថវិកាអស់ជាង ៤០០លានដុល្លារ ដែលបញ្ហានេះ មិនអាចប៉ះពាល់បានទេ។ សម្ដេចតេជោក៏បានលើកជាឧទាហរណ៍ថា ការចំណាយមួយចំនួនដែលសម្ដេចបានលើកឡើងនៅក្នុងផែនការ សម្រាប់សង្គ្រោះសេដ្ឋកិច្ច ដូចជាការចេញដំណើរទៅក្រៅប្រទេស បើមិនចាំបាច់ទេកុំទៅ ហើយបើត្រូវទៅចំនួន៥នាក់ ឱ្យទៅតែ២នាក់គ្រប់គ្រាន់បានហើយ ដើម្បីសន្សំសំចៃការចំណាយ។
សម្ដេចតេជោបានបន្ថែមថា៖ “អីច្ចឹង សុំចាប់ពីពេលនេះតទៅ បើសិនជាចាំបាច់ណាស់ ខ្លួនចង់ទៅ៥នាក់ ត្រូវឱ្យទៅតែ២នាក់ ដើម្បីកាត់បន្ថយការចំណាយ។ ជាមួយនឹងពេលខ្លះ ផ្ដល់ការងារឱ្យអគ្គរាជទូតនៅក្រៅប្រទេស ចូលរួមប្រជុំជំនួសខ្លួនទៅ ប្រសិនបើការប្រជុំនោះគ្រាន់តែជាការប្រជុំដែលមិនមានការអន្ដរាគមន៍របស់យើង” ៕
ដោយ៖ បូណា