
ការប្រកួតក្របខណ្ឌ Serie A និងព្រឹត្តិការណ៍កីឡាដទៃទៀតនៅក្នុងប្រទេសអ៊ីតាលីនឹងត្រូវធ្វើបិទទ្វាររហូតដល់ថ្ងៃទី ៣ ខែមេសា បន្ទាប់ពីរដ្ឋាភិបាលបង្ហាញការព្រួយបារម្ភជុំវិញមេរោគកូរ៉ូណាវីរុស ឬ Covid-19 ។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថា បន្ទាប់ពីផ្ទុះជំងឺឆ្លងដ៏កាចសាហាវ Covid-19 ដែលកំពុងបន្តរីករាលដានយ៉ាងខ្លាំងនៅលើពិភពលោក ហើយបានប៉ះពាល់ដល់ការរៀបចំកម្មវិធីបាល់ទាត់នៅអ៊ីតាលីផងដែរ ។ ការប្រកួតនៅក្របខណ្ឌ Serie A ត្រូវបានផ្អាកអស់រយៈពេលជាង ២ សប្តាហ៍មកហើយ រួមជាមួយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia កាលពីយប់មិញនេះផងដែរ ។
សូមជម្រាបឱ្យដឹងថា គិតមកត្រឹមពេលនេះប្រទេសអ៊ីតាលីកំពុងឈរនៅលេខរៀងទី៣ លើពិភពលោក និងលេខ១ នៅទ្វីបអឺរ៉ុបដែលមានការរីករាលដាលខ្លាំងនៃមេរោគ Covid-19 ។ ដោយមានចំនួនមនុស្សឆ្លងជម្ងឺនេះឡើងរហូតដល់ ២,៧០៦នាក់ និងមនុស្សចំនួន ១០៧ នាក់បានបាត់បង់ជីវិត ៕
ដោយ៖ តារា