
ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ក្រុម Tottenham Hotspur នឹងពិចារណាផ្លាស់ទៅកាន់ក្រុម Manchester United នៅរដូវក្តៅនេះ ដោយកីឡាកររូបនេះបានដឹងថា គាត់មិនចង់បន្តស្នាក់នៅក្រុមមាន់ខ្នាយមាស ស្របពេលក្រុមនេះកំពុងធ្លាក់ដុនដាប់យ៉ាងខ្លាំង ។
Harry Kane ត្រូវបានគេយល់ថា មានភាពស្ទាក់ស្ទើរក្នុងការរង់ចាំឱកាសឈ្នះពានរង្វាន់ក្របខណ្ឌ Premier League និងក្លាយជាក្រុមដ៏ខ្លាំងមួយនៅអឺរ៉ុបម្តងទៀតជាមួយ Spurs ។ ការខកខានមិនបានប្រកួតពានរង្វាន់ Champions League នៅរដូវកាលក្រោយជាមួយនឹងក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍នឹងធ្វើឱ្យប្រធានក្រុមតោកំណាច់អង់គ្លេសខកចិត្តថែមទៀត ។ ប្រភពដែលស្និទ្ធនឹងខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះបានឱ្យដឹងថា គាត់កំពុងពិចារណាក្នុងការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ Man United ដែលអាចជាការអភិវឌ្ឍខ្លួនដ៏ល្អបំផុតមួយសម្រាប់ Kane ខណះអនុប្រធានប្រតិបត្តិក្លឹបបិសាចក្រហមលោក Ed Woodward គ្រោងនឹងដេញថ្លៃនាំយកតារាជើងស៊ុតរូបនេះផងដែរ ។
កិច្ចសន្យារបស់ Kane ដែលត្រូវបានចុះហត្ថលេខានៅរដូវក្តៅឆ្នាំ ២០១៨ នឹងបន្តរហូតដល់ឆ្នាំ ២០២៤ ហើយប្រធានក្លិប Spurs លោក Daniel Levy នឹងស្ថិតក្នុងជំហរមួយដើម្បីផ្ដល់ជូនប្រាក់ឈ្នួលខ្ពស់បំផុតសម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ។ គេយល់ថាបច្ចុប្បន្ននេះ Kane នឹងមិនពិចារណាលើការចុះកិច្ចសន្យាថ្មីនៅឯកីឡដ្ឋាន Tottenham Hotspur ឡើយ ។ Kane ដែលរកគ្រាប់បាល់បាន ១៨១ គ្រាប់ចង់បញ្ចប់អាជីពរបស់ខ្លួនជាមួយនឹងពានរង្វាន់ធំៗណាមួយនៅក្នុងជីវិតរបសលោក ខណះរូបគេបានខកខានក្នុងការលើកពាន Champions League ក្រោយពីបានទៅកាន់វគ្គផ្តាច់ព្រ័ត្រទល់នឹង Liverpool កាលពីរដូវកាលមុន ប៉ុន្តែគិតមកត្រឹមពេលនេះខ្សែប្រយុទ្ធលេខ៩ រូបនេះមិនទាន់ស្គាល់រស់ជាតិឈ្នះពានអ្វីមួយនៅឡើយនោះទេ ៕
ដោយ៖ តារា