
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃពុធ ទី០៤ ខែមីនាឆ្នាំ ២០២០ថា អាជ្ញាធរខេត្តសៀមរាប និងចាប់ផ្តើមរឹតបន្តឹងលើការងារគ្រប់គ្រងសំណង់ឱ្យបានកាន់តែល្អប្រសើរ ។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះសំណង់ណាដែលបានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៨-២០១៩ អាជ្ញាធរខេត្ត និងឱ្យមន្រ្តីជំនាញចុះពិនិត្យគុណភាព និងបច្ចេកទេស បើសិនជារកឃើញមានលក្ខណៈត្រឹមត្រូវអាជ្ញាធរនឹងចេញលិខិតអនុញ្ញាតឱ្យដំណើការសាងសង់បន្ត។ ប៉ុន្តែចាប់ពីឆ្នាំ២០២០នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំងអស់ បើទោះបីសំណងនោះសាងសង់បាន ៣០ភាគរយ ឬ៥០ភាគរយហើយក្តី។
ឯកឧត្តមពន្យល់ថា មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានសំណង់ខ្លះធ្វើលើដីចំណីផ្លូវ និងមួយចំនួនទៀតធ្វើមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ជាការពិតណាស់ការងារគ្រប់គ្រងសំណង់នេះ គឺពិតជាកត្តាមួយដ៏សំខាន់ និងចាំបាច់បំផុត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ។ ព្រោះបើសំណង់ណាមួយសាងសង់លើកដីចំណីផ្លូវ ឬសាងសង់គ្មានគុណភាព វានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ដូចជាករណីបាក់រលំអគារនៅខេត្តព្រះសីហនុ ករណីបាក់រលំសាលាឆាន់នៅខេត្តសៀមរាប និងករណីបាក់អគារនៅខេត្តកែប ជាដើម គឺសុទ្ធតែបានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តត្រូវពង្រឹងយន្តការផ្តល់លិខិតអនុញ្ញាតសាងសង់ ដែលប្រជាពលរដ្ឋបានស្នើសុំឱ្យបានលឿន ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាជន ៕
ដោយ៖ ស្រស់