
ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney ជឿជាក់ថា ក្រុម Manchester United ត្រូវការរយះពេល ២ ឬ ៣ ឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកម្រិតកំពូលវិញ ខណៈដែលអតីតប្រធានក្រុមបិសាចក្រហមរូបនេះបានលើកឡើងពីគំរូរបស់ Liverpool និង Manchester City មកឧទាហរណ៍ ។
Wayne Rooney រីករាយនឹងភាពជោគជ័យដ៏អស្ចារ្យនៅ Old Trafford ជាកន្លែងដែលគាត់បានក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេគ្រប់ពេលរបស់ក្លឹប ខណៈពេលដែលគាត់បានឈ្នះពានរង្វាន់ Premier League ចំនួន ៥ ដង និង Champions League ម្ដងក្នុងចំណោមពានរង្វាន់ផ្សេងទៀត ។ បុរសវ័យ ៣៤ ឆ្នាំរូបនេះដែលបានចាកចេញពីក្លឹបនៅឆ្នាំ ២០១៧ ក្រោយចំណាយរយៈពេល ១៣ ឆ្នាំនៅទីក្រុង Manchester ក៏ជាផ្នែកមួយនៃក្រុមបិសាចក្រហមចុងក្រោយដែលឈ្នះពានរង្វាន់ Premier League ក្នុងឆ្នាំ ២០១២-១៣ ។
ចាប់តាំងពីពេលនោះមកក្រុម Man Utd បានតស៊ូជាមួយនឹងការបញ្ចប់ត្រឹមជើងឯករងចំនួន ២ លើកប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុមឈរលេខ ៥ របស់លោក Ole Gunnar Solskjaer កំពុងដេញតាមពីក្រោយក្រុមហង្សក្រហម Liverpool ចំនួន ៣៧ពិន្ទុឯណោះ ។ នៅមុនពេលប៉ះគ្នាជាមួយក្រុមបិសាចក្រហមក្នុងនាមជាគ្រូបង្វឹកផងកីឡាករផងរបស់ក្លឹបលំដាប់ទី២ Derby County ក្នុងការប្រកួត FA Cup ជុំទី ៥ នៅព្រឹកយប់ថ្ងៃព្រហស្បតិ៍នេះ Rooney បានអំពាវនាវឱ្យក្លឹបមានការអត់ធ្មត់សិន ។
Rooney បានប្រាប់អ្នកពត៌មានថា៖ “ខ្ញុំជឿថាវានឹងត្រូវការពេលវេលា ។ វានឹងត្រូវការពេល ២ ទៅ ៣ ឆ្នាំទៀត ។ ពួកគេត្រូវការនាំកីឡាករខ្លះ ពួកគេត្រូវការកម្ចាត់កីឡាករខ្លះ ។ វានឹងមិនកើតឡើងទេ (ជាការដោះស្រាយយ៉ាងឆាប់រហ័ស) ។ ពួកគេបានសាកល្បងរឿងនោះជាមួយលោក van Gaal និងលោក Mourinho ។ ប្រសិនបើអ្នកក្រឡេកមើល Liverpool និងអ្វីដែលពួកគេបានធ្វើ និង Man City អ្នកនឹងមិនទិញក្រុមដើម្បីទៅប្រកួតជាមួយពួកគេទេ ។ អ្នកឃើញជាមួយ Liverpool ពួកគេបានកសាងក្រុមនោះ ” ។
វីរបុរសជម្រើសជាតិអង់គ្លេសរូបនេះបានបន្ថែមថា៖ “ លោក Guardiola បាននាំកីឡាករកាន់តែច្រើនចូលបន្តិចម្តងៗ និងរបៀបលេងរបស់គាត់ ។ ដូច្នេះ United ត្រូវតែអត់ធ្មត់បន្តិច ហើយព្យាយាមនិងកសាងក្រុមមួយដែលនឹងអាចប្រកួតប្រជែងនឹងក្រុមទាំងពីរ ។ អ្នកគាំទ្រក្រុម Manchester United ចាំបាច់ត្រូវមានភាពអត់ធ្មត់បន្តិចជាមួយអ្វីដែលកំពុងកើតឡើង ” ៕
ដោយ៖ តារា